បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំកណ្ដែក ខេត្តសៀមរាប បង្ក្រាបមិនចេះអស់

0

ខេត្តសៀមរាប៖មានការលើកឡើងថា បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំកណ្ដែក បានកើតមានជាបន្តបន្ទាប់ ហើយការបង្ក្រាប ហាក់បីមិនចេះអស់នោះឡើយ។

ជាក់ស្ដែងនៅថ្ងៃទី ៣ ខែកក្កដា ម្សិលមិញ នគរបាលស្រុកប្រាសាទបាគង សហការជាមួយប៉ុស្ដិ៍កំពង់ភ្លុក សហគមន៍ឃុំកណ្ដែក និងប្រជាការពារ បានបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅចំណុច ខាងលិចកោះវ័រព្រេង ស្ថិតក្នុងភូមិសាស្ត្រ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ករណីបង្ក្រាបនេះ ក្រុមសមត្ថកិច្ច បានដកហូត និងកម្ទេចចោល នៅនឹងកន្លែង នូវឧបករណ៍នេសាទខុសច្បាប់រួមមាន៖ -បរចំនួន៣ខ្សែសរុបប្រវែង២០០ម៉ែត្រ -អ៊ូទូចំនួន៧ខ្សែ សរុបប្រវែង៤០០ម៉ែត្រ -ចម្រឹងសរុបចំនួន៥០០ដើម។ ក្នុងនោះព្រលែងកូនត្រីចម្រុះប្រមាណ៥គីឡួក្រាមចូលបឹងធម្មជាតិវិញ ផងដែរ។

លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ប្រតិបត្តិការនេះ គឺដើម្បីចូលរួមរក្សាការពារ ធនធានជលផល ដែលជា ស្បៀងបម្រុង សម្រាប់ប្រជានេសាទ ក្នុងសហគមន៍ និងដោយមានការណែនាំ ពីលោកសូរ ប្លាតុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគងផងដែរ។

លោក លឹម សម្បត្តិ បន្តថាការនេសាទនេះមានហានិភ័យ ដោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ឬឧបករណ៍នេសាទប្រភេទក្រឡាល្អិត ចាប់យកសូម្បីតែកូនត្រីចម្រុះ តូចៗ ជាហេតុធ្វើអោយធនធានជលផល ដែលជាស្បៀងបម្រុងរួមនៃយើង កាន់តែបាត់បង់៕SRP