ខេត្តសៀមរាប និងរដ្ឋបាលតំបន់ស្វយ័តអាប៊ីហ្សង់ នៃសាធារណរដ្ឋកូតឌីវ័រ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
រដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលតំបន់ស្វយ័តអាប៊ីហ្សង់ នៃសាធារណរដ្ឋកូតឌីវ័រ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ហើយក៏ជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយកិច្ចពិភាក្សារវាងភាគីទាំងពីរ ទៅជាភាពជាដៃគូសហប្រតិបត្តិការជាក់ស្ដែង។
លោក ក្លូដ ប៉ូឡាំង ដាណូ (Claude Paulin DANHO) អភិបាលរងទី១ នៃតំបន់ស្វយ័តអាប៊ីហ្សង់ និងជាអគ្គលេខាធិការនៃសមាគមអន្តរជាតិនៃតំបន់ប្រើប្រាស់ភាសាបារាំង បានបង្ហាញថា ប្រទេសកូតឌីវ័រ មានសេដ្ឋកិច្ចរីកចម្រើនលើការផលិតផលិតផលពីដូង កៅស៊ូ និងវិស័យកសិកម្ម។ ចំណែកទីក្រុងអាប៊ីដចាន់ ជាទីក្រុងធំមួយដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹក និងមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជា ប្រព័ន្ធឡានក្រុង និងផ្លូវរត់ភ្លើង ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។ ប៉ុន្តែយ៉ាងណា ក្រុងអាប៊ីដចាន់ និងក្រុងសៀមរាប ក៏នៅជួបប្រឈម និងបញ្ហាស្រដៀងគ្នា ដូចជាការគ្រប់គ្រងកំណើនប្រជាជន ការធ្វើដំណើរ និងការធានាសុខុមាលភាពសង្គម។
លោកបានបញ្ជាក់ថា តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ វានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ។ ជាមួយគ្នានេះ យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវសន្តិភាព ស្ថិរភាព និងការរីកចម្រើនរួមគ្នាសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
លោក យូមីតា កាហ្ស៊ូអូ (Kazuo Yumita) ប្រធានទីប្រឹក្សាគម្រោង JICA បានបង្ហាញថា ខេត្តសៀមរាបត្រូវបានជ្រើសរើសជាទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ ចាប់ពីឆ្នាំ ២០១៨ ហើយគម្រោងបានធ្វើការស្ទង់មតិ និងប្រមូលទិន្នន័យដើម្បីកំណត់បញ្ហាប្រឈម និងរៀបចំផែនទីបង្ហាញផ្លូវ ទីក្រុងឆ្លាតវៃ ក្នុងឆ្នាំ២០២៣។ ហើយសម្រាប់ដំណាក់កាលទី២ (២០២៥-២០២៣) កំពុងត្រូវបានអនុវត្ត ដោយបានជ្រើសរើសសកម្មភាពសាកល្បងចំនួន ៥ ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងក្នុងទីក្រុង ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ចល័ត តាមរយៈការបង្កើតទីក្រុងដែលមានសុវត្ថិភាព និងផាសុខភាព ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានយូរ រីករាយជាមួយអាជីវកម្មក្នុងស្រុក និងលើកកម្ពស់ការគ្រប់គ្រងថែទាំទីធ្លាសាធារណៈរួមគ្នា។
លោកបន្តថា ទោះបីទីក្រុងទាំងពីរមានទំហំ និងហេដ្ឋារចនាសម្ព័ន្ធខុសគ្នា ប៉ុន្តែមានបញ្ហាប្រឈមស្រដៀងគ្នាជាច្រើន ដូចជាការដឹកជញ្ជូន បរិស្ថាន ការអភិវឌ្ឍទីក្រុង និងកំណើនសេដ្ឋកិច្ច។ ក្នុងនោះគំនិតផ្ដួចផ្ដើមនេះជួយបន្តរុញច្រានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តសៀមរាប បើទោះបីជាគម្រោងចម្រើនការបញ្ចប់នៅឆ្នាំ ២០២៣ ក៏ដោយ។ ហើយតាមរយៈការចុះអនុស្សរណៈនេះ មិនមែនគ្រាន់តែជាការផ្ទេរចំណេះដឹង ឬបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានតភ្ជាប់ឱ្យទីក្រុងទាំងពីរផ្លាស់ប្ដូរបទពិសោធន៍ រៀនសូត្រពីគ្នា និងបង្កើតដំណោះស្រាយរួមគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ពិតប្រាកដដល់ប្រជាជននៃប្រទេសទាំងពីរថែមទៀត។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនាថ្ងៃនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងសៀមរាប និងទីក្រុងអាប៊ីដចាន់ តាមរយៈការចែករំលែកបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ ជាក់ស្ដែង គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប គឺជាគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់មួយ ក្នុងការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងទីក្រុង កែលម្អសេវាសាធារណៈ បង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងធានាឱ្យមានការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់។
លោកបន្តថា នេះជាលើកដំបូងសម្រាប់ខេត្តសៀមរាប ក្នុងការចុះអនុស្សរណៈជាមួយប្រទេសក្នុងតំបន់អាហ្វ្រិក ដូច្នេះជឿជាក់ថា ភាគីទាំងពីរនឹងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាព នៃគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប ព្រមទាំងមានឱកាសពិភាក្សា ផ្លាស់ប្ដូរយោបល់ និងកំណត់នូវកិច្ចការអាទិភាពរួម សម្រាប់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ជាពិសេស ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាឱកាសនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ ដើម្បីជំរុញការផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកវិទ្យា ចំណេះដឹង និងការអនុវត្តល្អៗ ក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ព្រមទាំងបើកឱកាសសម្រាប់ការអនុវត្តគម្រោង និងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕SRP
អត្ថបទ៖ លោក អ៊ុន ណារាជ្យ