ខេត្តកំពង់ចាម៖ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន១៦៦គ្រួសារ នៅសួនគ្រញូងនគរបាជ័យ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅថ្ងៃទី៣ ខែកក្កដា ព្ព្រឹកមិញនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដេីម្បីការពារអាយុជីវិតពលរដ្ឋយើង។
លោកក៏បានរំលឹកដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន ឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទោះក្នុងពេលបំពេញការងារ ឬប្រកបមុខរបររកស៊ីផ្សេងៗ បេីទោះជាទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី ក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្តវិធានការ ” ៣ការពារ ៣កុំ ” ឲ្យបានជាប់ជាប្រចាំ ពាក់ម៉ាស ការលាងសំអាតដៃជាមួយសាប៊ូ អាកុល ឬជែល អោយបានញឹកញាប់
រក្សាគម្លាតសុវត្ថិភាពបុគ្គល។
អភិបាលខេត្តបានបន្តថា មេឃុំចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិអនុភូមិ និងមន្ត្រីសុខាភិបាល គឺជាតួរអង្គយ៉ាងសំខាន់ទាំង៤ ក្នុងការគ្រប់គ្រងពលរដ្ឋចំណូលស្រុក ដើម្បីបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័ក តាមការកំណត់ ហេីយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយ តួរអង្គទាំង៤នេះ ដើម្បីដាក់ចេញជាសកម្មភាពមកភ្លាមដឹងភ្លាម និងគ្រប់គ្រងទាន់សភាពការណ៍។
អភិបាលខេត្ត ក៏បានបញ្ជក់ថា ទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ធ្វេីឲ្យប៉ះពាល់ដល់វិស័យខ្លះៗ តែអាជ្ញាធរនៅតែខិតខំ ធ្វើការអភិវឌ្ឍ ហហេដ្ឋារចនាសម្ព័ន្ធ ដោយមានការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុង ជូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម ដែលត្រូវបេីកការដ្ឋាន នៅពេលឆាប់ៗខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ១៦៦គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ និងមី១កេស៕SRP

