សម្ដេចហ៊ុន សែន ប្រាប់ទូតវៀតណាម ថា ក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើគឺ ការប្រយុទ្ធនឹងជំងឺកូវី តែធ្វើយ៉ាងណា កុំរារាំងដំណើរការពាណិជ្ជកម្ម

0

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតវៀតណាម ថាក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើគឺ៖ទី១)​ ការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ តាមរយៈវិធានការសុខាភិបាល តែធ្វើយ៉ាងណាកុំរារាំងដំណើរការពាណិជ្ជកម្ម។ ទី២)​ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទី៣)​ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួមគ្នាបាន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ជូនអគ្គរដ្ឋទូតវៀតណាម ដែលបានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្ម ការទូតនៅ ព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមានការរីកចំរើនកាន់តែរឹងមាំ។

សម្ដេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះនៅវិមានសន្តិភាព នាថ្ងៃសៅរ៍ ទី៣ ខែកក្កដា ព្រឹកមិញនេះ ក្នុងឱកាស អនុញ្ញាតឲ្យ លោក វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវចប់បេសកកម្ម ការទូតនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួប លោក វ៉ូ ក្វាង មិញ បានគោរពជម្រាបជូនសម្ដេច ហ៊ុន សែនថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្ម កាទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេល៣ឆ្នាំ ៧ខែកន្លងមកនេះ លោកបានសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានការរឹងមាំ និងមានការរីកចម្រើន ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្មក៏មានការកើនឡើងផងដែរ។
លោកបានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ផងដែរ ដែលបានចូលរួមចំណែកសហការ ជាមួយលោកក្នុងសកម្មការទូត របស់លោកនៅកម្ពុជា អោយទទួលបាននូវភាពជោគជ័យ មកដល់ពេលនេះ៕SRP