ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩។ នេះបើយោងតាមសំណេររបស់សម្ដេចតេជោហ៊ុន សែន ដែលបានបង្ហាញនៅលើទំព័រផេក facebook ផ្ទាល់ខ្លួនរបស់សម្ដេចនៅមុននេះបន្តិច។
នៅលើទំព័រ page facebook សម្ដេចបានសរសេរថា៖ ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ។
សម្ដេចបានសរសេរបន្តថាក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ។
ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់គឺការធ្វើតេស្តរហ័សនិងកាន់តែធានាសម្រាប់ទាំងអស់គឺការមិនជួបគ្នាដោយផ្ទាល់និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ៕SRP

