សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយ ជូនពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកកងមាស

0

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត នៅព្រឹកមិញនេះ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកកងមាស ដែលបានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យ​ខូចខាត​ដល់លំនៅដ្ឋាន កាលពី​ពេល​កន្លង​ទៅ​ថ្មីៗនេះ​។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ អភិបាលខេត្ត បានសម្តែងនូវការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះ មហន្តរាយធម្មជាតិ ដែលកើតឡើងដោយមិននឹកស្មានដល់ បង្កអោយមានការខូចខាត លំនៅដ្ឋានរបស់បងប្អូននាពេលនេះ។

លោក អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា។

លោកអភិបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យ​បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ-១៩ ទោះពេលក្នុងការបំពេញការងារ ឬប្រកបរបររកស៊ីផ្សេងៗ ឬទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តីក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្តនូវវិធានសុខាភិបាល និងវិធានការ ” ៣ការពារ និង ៣កុំ ” ឲ្យបានជាប់ជាប្រចាំ៕SRP