រដ្ឋមន្ត្រីការបរទេសខ្មែរ-ចិន អញ្ជើញចូលរួម ការចុះហត្ថលេខាលើឯកសារ សំខាន់ចំនួន២

ខេត្តសៀមរាប៖រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ចំនួន២ រួមមាន៖

១.គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៥។ ឯកសារខាងលើនេះបានរៀបចំផែនការយ៉ាងលម្អិតសម្រាប់កិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

២.អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។ ភាគីទាំងពីរបានឯកភាពរួមគ្នាក្នុងការដោះស្រាយហានិភ័យនិងបញ្ហាប្រឈមនៃបណ្តាញអ៉ិនធើណេតនិងសន្តិសុខទិន្នន័យ។ ភាគីកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការគាំទ្រគំនិតផ្តួចផ្តើមសន្តិសុខទិន្នន័យសកល។
ការចុះហត្ថលេខាលើឯកសារខាងលើ បានបញ្ជាក់ឱ្យឃើញពីវឌ្ឍនភាពសំខាន់និងថ្មីៗដែលទទួលបានក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ៕SRP