គម្រោងកាត់បន្ថយសំណល់ប្លាស្ទិក ត្រូវ ចុះកិច្ចព្រមព្រៀង រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប

ខេត្តសៀមរាប៖គម្រោងកាត់បន្ថយសំណល់ប្លាស្ទិក ត្រូវបានចុះកិច្ចព្រមព្រៀងអនុវត្តរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប។

ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃច័ន្ទ ថ្ងៃទី ០៧ ខែមិថុនា ម្សិលមិញ រដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោកគិត ច័ន្ទគ្រីស្នា ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកង៉ាន់ ភិរុណ អភិបាលរងខេត្ត។

ថ្លែងក្នុងឱកាសដល់ថ្លៃថ្លានេះដែល លោក ង៉ាន់ ភិរុណ មានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងកៀងគរធនធានពីដៃគូអភិវឌ្ឍន៍ និងជម្រុញ ដល់រដ្ឋបាល ក្រុង-ស្រុកក្នុងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមបណ្តាក្រុង-ស្រុក ដោយអនុលោមតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីធានាបាននូវ សោ-ភណ្ឌភាព សុខមាលភាព និងគុណភាពបរិស្ថាន។ តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមកនេះ ខេត្តសៀមរាប ទទួលបានឡដុតសំរាមចំនួន ៣គ្រឿង រ៉ឺម៉កម៉ូតូកង់បីចំនួន ០៦គ្រឿង និងរថយន្តដឹកជញ្ជូនសំរាម ២គ្រឿង ផ្តល់ដោយក្រសួងបរិស្ថាន និងទទួលរថយន្តបោសសម្អាតផ្លូវចំនួន ០៣គ្រឿង ក្រោមជំនួយឧបត្ថម្ភពីខេត្តយូណាននៃសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់សម្អាតតាមដងផ្លូវ នានាក្នុងក្រុងសៀមរាប។

លោកបានបន្ថែមទៀតថា តាមរយៈកិច្ចសហការអនុវត្តគម្រោងនេះ សង្ឃឹមថា សំណល់ប្លាស្ទិកនឹងត្រូវបានកាត់បន្ថយតាមរយៈការបញ្ជៀបការយល់ដឹង និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ការប្រើបា្រស់ផលិតផលជំនួសផលិត ផលប្លាស្ទិក និងការគាំទ្រនូវមធ្យោបាយសម្ភារផ្សេងៗសម្រាប់អនុវត្តសកម្មភាពរួមមាន៖១).ការសិក្សាពីលទ្ធភាព និងមធ្យោបាយបង្កើនសេវាគ្របដណ្តប់ក្នុងការប្រមូល សម្អាត និងដឹកជញ្ជូនសំរាម និងដោះស្រាយការកកស្ទះសំរាម ២).ការផ្តល់នូវសម្ភារធុងសំរាម និងការរៀបចំដំឡើងប៉ាណូផ្សព្វផ្សាយទាក់ទងនិ ងការកាត់បន្ថយប្លាស្ទិក និង៣).ការបង្កើនចំណេះដឹង និងយុទ្ធនាការផ្សព្វផ្សាយគ្រប់មធ្យោបាយ។

សូមជម្រាបថាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការទប់ស្កាត់ និងការកាត់បន្ថយសំណល់ប្លាស្ទិកទំាងនៅលើដី និងក្នុងទឹក តាមរយៈការអនុវត្តនូវគោលការណ៍៤Rs (ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងបដិសេធ)៕SRP