
ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា ករណីពលរដ្ឋ នៅឃុំសំព្រោជ ស្រុកស្ទោង មានទំនាស់ ដណ្តើមទឹកធ្វើស្រែ មកដល់ពេលនេះ មិនមានអ្នកតវ៉ាទៀតទេ។
តាមរបាយការណ៍ ដែលផ្ដល់ដោយ លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានបង្ហាញថា៖
ដោយសារមួយរយៈនេះគ្មានភ្លៀង បណ្តាល ស្រូវដែលបានធ្វើរួចហើយ ឈានទៅរកការខូចខាត ទើបនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២១ លោកមេឃុំ សំព្រោជ ឈ្មោះ ពាញ ពូល បានស្នើសុំទៅមន្ទីរធនធានទឹកខេត្ត ដើម្បីបង្ហូរទឹកពីទំនប់៣០កញ្ញា មកខាងស្រុកស្ទោង សង្គ្រោះស្រូវ ប្រជាជនប្រមាណជា២០០ហិកតា នៅតំបន់វាលក្រោម ក្នុងឃុំសំព្រោជ ស្រុកស្ទោង។
របាយការណ៍បន្តទៀតថាក្រោយពីមានការយល់ព្រមពីមន្ទីរធនធានទឹក លោកពាញ ពូល មេឃុំសំព្រោជ បានដឹកនាំប្រជាជនក្នុងឃុំសំព្រោជ ចំនួន ៧ភូមិ មានគ្នាប្រមាណជាជាង១០០នាក់ ដែលមានស្រែនៅតំបន់វាលក្រោម ទៅនាំទឹកពីទំនប់៣០កញ្ញា ក្នុងឃុំព្រះដំរី ស្រុកស្ទោង នាំទឹកមកបញ្វូលស្រែ ដើម្បីសង្គ្រោះស្រូវ ដោយត្រូវឆ្លងកាត់៥ឃុំ ចំងាយប្រមាណ ៣០គីឡូម៉ែត្រ និងមានការបណ្តាក់គ្នាដេកយាម កកាយ មុខទឹក អោយហូរបានលឿនផងដែរ។
របាយការណ៍បានបព្ជាក់ថាលុះបានទឹកធ្លាក់មកហើយនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១នេះ មានប្រជាជនមួយចំនួន ក្នុងឃុំសំព្រោជ ដែរ ប្រមាណជា០៦ភូមិ ដែលមានស្រែនៅជាប់សងខាងប្រឡាយ បានតវ៉ាសុំបូមទឹកបញ្ចូលស្រែដែរ តែមេឃុំបានដោះស្រាយ ដោយ ប្រជាជនភាគច្រើនបានទទួលយកនិងបានព្រមព្រៀងគ្នាហើយ ថា ទុកពេលអោយប្រជាជនដែលខំទៅនាំទឹក បានបូមទឹកបញ្ចូលចូលស្រែពួកគាត់មុនចំនួន៤ថ្ងៃសិន គឺត្រឹមថ្ងៃទី ០៩ខែមិថុនា ឆ្នាំ២០២១ ហើយចាប់ថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ ទៅទុកអោយប្រជាជន ដែលមានស្រែនៅជាប់ប្រឡាយបូមម្តង ។ ស្រាប់តែនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក មានប្រជាជន ដែលមិនយល់ព្រម នាំអ្នកសារព័ត៌មានទៅថតឡាយ ថាមេឃុំ នាំទឹកមកហើយ មិនអោយប្រជាជនបូមដាក់ស្រែ ជាក់ស្តែង ពេលដែលទឹកធ្លាក់មកដល់ស្រែពួកគាត់ ទោះជា បានដោះស្រាយថា អោយអ្នកខំទៅនាំទឹកបូមមុន អ្នកមិនបានទៅ បូមក្រោយ យ៉ាងណាក៏ដោយ ក៏ពួកគាត់មួយចំនួនមិនស្តាប់ ហើយបានដណ្តើមបូមទឹកនេះ ដាក់ស្រែរួចទៅហើយ មកដល់ពេលនេះមិនមានអ្នកតវ៉ាទៀតទេ៕SRP