សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនលោក ផូ ស៊ីផា ទៅតុលាការ តាមដីកា

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានបញ្ជូនខ្លួនលោកផូ ស៊ីផា ទៅកាន់តុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២១នេះ។

ការបញ្ជូនខ្លួនធ្វើឡើងក្រោយពីនគរបាលខេត្ត បានកោះហៅ លោកផូ ស៊ីផា ឲ្យចូលខ្លួនទៅបំភ្លឺនៅស្នងការប៉ូលិសខេត្តសៀមរាប នៅព្រឹកមិញនេះ តាមដីកា បង្គាប់អោយនាំខ្លួនលេខ ១៧៣/២១ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ របស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សាត ធីតា។ លោកផូ ស៊ីផា អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

យោងតាមបណ្តឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ របស់លោកស្រី ផាត់ សុជឿន បានប្តឹងលោកផូ ស៊ីផា ពីបទ “ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចនវត្ថុដោយ សុចរិត” និងបទ “ប្រឆាំងនិងអ្នករាជការ“ ប្រព្រឹត្តទៅនៅ ភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ខ្លឹមសារនៃបណ្តឹងបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ គណៈកម្មការសុរិយាដីខេត្ត និងស្រុកបន្ទាយស្រី បានចុះបោះបង្គោលព្រំ លើក្បាលដីជាប្រភេទប្លង់រឹងទាំង៦ក្បាលដី ដែលមានលេខ ស.រ០០៣៣៩៩ , ស.រ០០៣៤០១,  ស.រ០០៣៤០២, ស.រ០០៣៣៨១, ស.រ០០៣៣៨៥, ស.រ០០៣៤០០ មានចំនួនសរុប ២១.៤ហិចតា នៅភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងពេលដែលក្រុមគណៈកម្មការចម្រុះ កំពុងប្រតិបត្តិការបោះបង្គោលព្រំស្រាប់តែ លោក ផូ ស៊ីផា បាននាំមនុស្សមួយក្រុមចុះមកដកបង្គោលព្រំតែម្ដង ទោះជាយ៉ាងណាបណ្ដាញសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង លោកផូ ស៊ីផា ដើម្បីបំភ្លឺបាននៅឡើយទេជុំវិញការចោទប្រកាន់នេះ៕SRP