ខេត្តសៀមរាប៖កូនឈើចម្រុះចំនួន១ម៉ឺនដើម ត្រូវបានដាំ នៅក្នុងទីបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃទី០១ ខែមិថុនា ព្រឹកមិញនេះ។
ការដាំកូន ឈើចម្រុះ ប្រភេទបេង ធ្នង់ គ្រញូង និង នាងនួន លើផ្ទៃដី ទំហំជាង ២.៥ហិកតានេះ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្ស បរិស្ថានធម្មជាតិ ឱ្យកាន់តែមានភាពស្រស់បំព្រង នៅក្នុងបរិវេណយោធភូមិភាគទី៤ ជាពិសេសនៅក្នុងតំបន់រមណីដ្ឋានអង្គរទាំងមូល។
សូមជម្រាបជូនថា នេះជាឆ្នាំទី២ហើយ ដែលនាំគ្នាដាំកូនឈើចម្រុះឡើងវិញ នៅបរិវេណទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលលើកទី១បានដាំកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ចំនួនមួយម៉ឺនដើម និងលើកទី២ប្រារព្វឡើងក្នុងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះចំនួន១ម៉ឺនដើម។
គួរបញ្ជាក់ថា ពិធីនេះប្រារព្វឡើងក្រោមវត្តមានលោកពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ខណ្ឌរដ្ឋបាលព្រៃឈើ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមចលនាយុវជន១៥៧សាខា ខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត៕SRP

