ស្ត្រីម្នាក់ប្តឹងមេឃុំត្បែង ខេត្តសៀមរាប ករណីចេញលិខិតកាន់កាប់ដីឲ្យហើយ បែជាមោឃភាពចោល ប្រគល់ដីអោយអ្នកផ្សេងវិញ

0

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានប្តឹងមេឃុំត្បែង ខេត្តសៀមរាប ករណីចេញលិខិតកាន់កាប់ដីឲ្យហើយ បែជាចេញលិខិតមោឃភាពចោលវិញ ដោយយកដីនោះទៅប្រគល់អោយអ្នកផ្សេង។

ស្ត្រីដែលបានប្តឹងលោកមេឃុំ មានឈ្មោះស៊ឹង និត អាយុ៥១ឆ្នាំ មានទីលំនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំណែកមេឃុំ ដែលរងបណ្តឹងមានឈ្មោះហ៊ាប ថា ជាមេឃុំត្បែង នៃស្រុកបន្ទាយស្រី។

យោងតាមបណ្តឹងចុះថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២១ ដែលបានចុះលេខទទួលដោយរដ្ឋបាលស្រុកបន្ទាយស្រី មានខ្លឹមសារថា សុំប្តឹងឈ្មោះហ៊ាប ថា មេឃុំត្បែង ពីបទធ្វើឯកសារកាន់កាប់ដីធ្លីអោយនាងខ្ញុំ(ស៊ឹង និត) ហើយចេញលិខិតមោឃភាព លើលិខិតនេះចោលវិញ ដោយគ្មានធ្វើការសម្របសម្រួលដោះស្រាយ។ ខ្លឹមសារបង្ហាញថា លិខិតស្នើសុំកាន់កាប់ដីធ្លីលេខ:៩០៤/១៧ ឃ.ត.៣១ ០៥.២០១៧ របស់មេឃុំត្បែង។ ឯលិខិតមោឃភាពលេខ:៧១៤/២០ឃ.ត ១៤.១២.២០២០ របស់មេឃុំត្បែង។ ក្នុងលិខិតបញ្ជាក់ថា តបតាមបណ្តឹងសូមលោកអភិបាលស្រុកមេត្តាជួយដោះស្រាយនិងរកយុត្តិធម៌ ត្បិតលោកមេឃុំត្បែង ដកយកដីដែលមានលិខិតចុះលេខខាងលើ ទៅប្រគល់អោយឈ្មោះជា កិញ ភេទប្រុសដោយមិនរកខុសត្រូវអោយនាងខ្ញុំ(ស៊ឹង និត) ឡើយ។ ចំណែកលោកស្រីជា សាវេត ប្រពន្ធ លោកជា កិញ បានបញ្ជាក់ថាដីខាងលើនេះជាកម្មសិទ្ធិរបស់គាត់និងប្តី។ ដីនេះមានសាវតារត្រឹមត្រូវដោយលក់ទិញតៗគ្នាហើយរូបគាត់ជាម្ចាស់ទី៥។

ក្នុងករណីនេះ លោកហ៊ាប ថា មេឃុំត្បែង បានថ្លែងតាមទូរស័ព្ទៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១នេះថា តាមពិតដីនោះមានម្ចាស់ហើយ។ ប៉ុន្តែដោយមានបុរសឈ្មោះជុន ជឿន ម្ចាស់ដីជាប់ព្រំគ្នា មកអះអាងជាមួយលោកថា ដីគ្មានម្ចាស់ ហេតុដូច្នេះហើយ ទើបលោកសម្រេចចេញលិខិតកាន់កាប់អោយស្ត្រី ឈ្មោះស៊ឹង និត។ លោកមេឃុំបន្តថា លោកពិតជាបានចេញលិខិតមោឃភាពលិខិតកាន់កាប់ដីរបស់ឈ្មោះស៊ឹង និត ពិតមែន។ លោកក៏បានអោយបុរសឈ្មោះជុនជឿន ជួយសម្រួល៥០០ដុល្លារទៅឈ្មោះស៊ឹង និត ដែរ តែគាត់មិនព្រម ហើយក៏បានប្តឹងទៅស្រុក។ ពេលនេះរដ្ឋបាលស្រុកកំពុងពិនិត្យលើករណីនេះហើយ។

ជុំវិញករណី ពលរដ្ឋប្តឹងមេឃុំ ករណីដី១ប្លង់មានម្ចាស់ពីរនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ពុំទទួលទូរស័ព្ទ ដើម្បីសុំការពន្យល់បាននៅឡើយទេ បើទោះបី បានហៅចូលជាច្រើនដងយ៉ាងណាក៏ដោយ។

ស្ត្រីម្ចាស់បណ្តឹង បញ្ជាក់ចុងក្រោយថា ករណីខាងលើនេះ ហាក់កំពុងមានភាពមិនប្រក្រតី សូមថ្នាក់ដឹងនាំមេត្តាជួយពិត្យនិងដោះស្រាយដោយតម្លាភាពផង៕SRP