ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៍លើកឡើងពីការត្រៀមរបស់ក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបASEMលើកទី១៣ ដែលគ្រោង ធ្វើឡើងនៅថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ ទីក្រុងភ្នំពេញបានក្លាយទៅ ជារាជធានីមួយដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋបានច្រើន ដូច្នេះជាឱកាសសម្រាប់ការរៀបចំកិច្ចប្រជុំជាអន្តរជាតិផ្សេងៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលបន្តបន្ទាប់ខាងមុខនេះ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែឧសភា ព្រឹកមិញនេះ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា ការដែលជួបប្រជុំប្រចាំសប្តាហ៏នេះឡើងវិញ ដោយសារថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងព័ត៌មាន បានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់គ្នារួចហើយ ក៏ប៉ុន្តែយើងទាំង អស់គ្នានៅប្រកាន់ ភ្ជាប់តាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខ រាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ។
សូមជម្រាបថា កិច្ចប្រជុំប្រចាំសប្តាហ៍ដែលធ្វើឡើង ក្រោមវត្តមាន លោក ខៀវ កាញារីទ្ធ បានធ្វើការពិនិត្យលើវឌ្ឍនភាពការងាររបស់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន រួមទាំងផ្នែកពាក់ពន្ធ័ទាំងការងារជាតិ និងទំនាក់ទំនងអន្តរជាតិ សម្រេចអនុវត្តន៍បាន ក្នុងរយៈ ពេលកន្លងមកនេះ រួមទាំងបញ្ហាប្រឈមនានា ពិសេសទាក់ទងជំងឺកូវីដ ១៩ ដែលធ្វើ អោយ ប៉ះពាល់ដល់ការងារអ្វីខ្លះ ? តែទោះមានការឆ្លងរីករាលដាលនៃជំងឺកូវីដ ក្តី តែប្រព័ន្ធ ផ្សព្វផ្សាយរបស់ជាតិ មានទាំងវិទ្យុ ទូរទស្សន៍ គេហទំព័រ Appក្រសួងព័ត៌មាន និងបណ្តាញ ផ្សាយ ដ៏ទៃទៀត នូវតែដំណើរការផ្សាយជាប្រក្រតី ទោះបីប្រឈមមុខទៅបញ្ហាខ្លះក៏ដោយ។
តាមរយៈនេះ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការណែនាំ ផ្តល់ជាមតិយោបល់ មួយចំនួនដល់បណ្តាអគ្គនាយកដ្ឋាន ដែលមានបញ្ហាប្រឈមទាក់ទងការផ្សព្វផ្សាយ និងការ ផលិតកម្មវិធី ក្នុងការធ្វើយ៉ាងណា ជ្រើសរើសទៅតាមបរិបទថ្មី នៃការបំពេញការងារ និងការ រស់នៅថ្មី ក្នុងដំណាក់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩៕SRP

