ភ្នំពេញ៖នៅទីបំផុតកម្លាំងសមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីអាវុធហត្ថស្រុកសណ្ដាន់ ករណីប្រើប្រាស់អំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួន។
យោងតាមប្រភពពីអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សា លើអតីតប្រពន្ធ របស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល១សប្តាហ៍កន្លងទៅនេះ។
ប្រភពបានដឹងថា លោកសៅ សុខា បានបញ្ជាក់នាពេលកន្លងមកថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឱ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដទ្ទាទោសតាមផ្លូវច្បាប់។
ពេលនេះបញ្ជាក់ការពិត អំពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ អនុវត្តតាមទិសស្លោក ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។
បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់កាលពីថ្មីៗនេះថា៖ ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រព្រឹត្តល្មើស។
កងរាជអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវស្វែងរកបុគ្គលសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មីអត្តលេខ ១៥៩២១៨ ឋានន្តរសក្តិ អនុសេនីយ៍ទោ មុខងារ សមាជិក នៃកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីអនុវត្តតាមច្បាប់។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដកស្រង់របាយការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ហង្ស ថុល ដោយបញ្ជាក់ថា នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី បានយកកាំបិតចុងស្រួច កាប់ទៅលើប្រពន្ធ ដែលបានលែងលះគ្នា តាមសាលក្រមលេខ១៨(ក)ចុះថ្ងៃទី១៧-៥-២០២១ និងសំណុំរឿងរដ្ឋប្បវេណីលេខ៨០ ចុះថ្ងៃទី០៦-៤-២០២១របស់សាលាដំបូងខេត្តកំពង់ធំ បណ្តាលឱ្យរបួសចំនួន៥កន្លែង(ដៃឆ្វេង២កន្លែង ,ដៃស្តាំ២កន្លែង និងកញ្ចឹងក១កន្លែង) ។ មូលហេតុប្រចណ្ឌ ដោយខឹងប្រពន្ធសុំលែង។ ក្រោយពីទទួលបានព័ត៌មាន ម៉ោង០៧និង៥០នាទីថ្ងៃទី២៣-៥-២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានតាមចាប់ឈ្មោះ ស្រ៊ន ពេជ្ររស្មី ដែលរត់គេចខ្លួនចូលព្រៃចម្ការ ហើយដោយភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ជាតំបន់សំបូរទៅដោយចម្ការស្វាយចន្ទី ចម្ការកៅស៊ូ និងព្រៃរបោះ ធ្វើឱ្យជនល្មើសគេចខ្លួនបាត់៕SRP

