ពលរដ្ឋ១៧គ្រួសារ នៅភូមិធ្លកអណ្ដូង ស្ម័គ្រចិត្តចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មី

0

ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន១៧គ្រួសារ ក្នុងចំណោម១៩គ្រួសារ ដែលមានទីលំនៅ លើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានព្រមទទួលយកការសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាប ដោយចូលរួមការចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែង របស់ខ្លួនដោយស្ម័គ្រចិត្ត ចេញពីគម្រោងស្ថាបនាផ្លូវភ្លោះនេះ។
ការចាប់ឆ្នោតនេះនៅថ្ងៃទី២៦ព្រឹកមិញនេះ នៅសាលាខេត្តសៀមរាប។

មន្ត្រីបានឲ្យដឹងថា ទីតាំងថ្មីសម្រាប់ផ្តល់ជូនបងប្អូនស្ម័គ្រចិត្តចេញពីចំណុចសំណង់ផ្លូវភ្លោះ គឺរដ្ឋបាលខេត្តបានរៀបចំនៅតំបន់អភិវឌ្ឍរុនតាឯក ភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ដោយរៀបចំតំបន់នោះអោយមានអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តចាប់ឆ្នោតដើម្បីយកទីតាំងថ្មីនិងរុះរើលំនៅឋានចាស់ដែលជាសំណង់ ស្ថិតនៅលើទីតាំងនៃដីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត គឹជាគម្រូមួយក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាព ក្រុងសៀមរាប ឱ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ ក្នុងពេលបច្ចុប្បន្នក្រុមការងារ បាននឹងកំពុងសាងសង់និងពង្រីកផ្លូវតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន៕SRP