
ខេត្តសៀមរាប៖អាជ្ញាធរខេត្ត នៅព្រឹកមិញនេះ បានសម្រេចចុះរុះរើផ្ទះពលរដ្ឋចំនួន១៩ខ្នង ចេញពីដីអតីតទំនប់ប្រព័ន្ធការពារក្រុង បន្ទាប់ពីបានជូនដំណឹងជាច្រើនដង។
ផ្ទះពលរដ្ឋ១៩ខ្នង ដែលត្រូវរុះរើស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង,ខេត្តសៀមរាប។
ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា៖ នៅម៉ោងប្រមាណជាង៨ព្រឹកមិញនេះ អាជ្ញាធរបានបញ្ជូនគ្រឿងចក្រ ប្រភេទអេស្កាវាទ័រ និងរថយន្តពន្លត់អគ្គិសភ័យ រួមទាំងរថយន្តសម្រាប់ដឹងជញ្ជូនផង ចូលទៅកាន់ទីតាំងដែលត្រូវរុះរើ។ ជាមួយ គ្នានោះគេឃើញកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់បានដាក់ពង្រាយ ក្នុងការ ការពារទប់ស្កាត់ខ្លាចក្រែងកើតមានអំពើហិង្សា ក្នុងពេលអនុវត្តរុះរើ។ ប៉ុន្តែសកម្មភាពអនុវត្តនេះ មិនមានអំពើហិង្សាណាមួយកើតឡើងនោះទេ។ ផ្ទុយទៅវិញមានពលរដ្ឋមួយចំនួនយល់ព្រមទទួលយកការដោះស្រាយ របស់អាជ្ញាធរ ហើយមួយចំនួនទៀត ក៏ត្រៀមខ្លួនទទួលយកដូចគ្នាដែរ គ្រាន់តែសុំពេល១ទៅ២ថ្ងៃសិនប៉ុណ្ណោះ។
ក្នុងពេលកំពុងបើកការរុះរើ លោកលី សំរិទ្ធិ អភិ បាលរងខេត្តសៀមរាប ដែលដឹកនាំអនុវត្តផ្ទាល់ បានពន្យល់ថា មុនពេលចុះអនុវត្តនេះអាជ្ញាធរបានជូនដំណឹង ក៏ដូចជាប្រជុំដោះស្រាយគោលនយោបាយច្រើនដងហើយដែរ។ ដំណោះស្រាយអាជ្ញាធរផ្តល់ក្បាលដីជូនពួកគាត់២០គុណ៣០ម៉ែត្រ ក្នុងមួយគ្រួសារ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ភូមិរុនតាឯក ឃុំរុនតា ឯក ស្រុកបន្ទាយស្រី។ ប៉ុន្តែពួកគាត់បដិសេធលុះដល់ ថ្ងៃកំណត់រុះរើ ទើបមួយចំនួនយល់ព្រម។
លោកអភិបាលបន្តថា ចំពោះការរុះរើនេះ អាជ្ញាធរជួយដឹកជញ្ជូនសម្ភារ យកទៅដល់ទីតាំងដែលពួកគាត់កំណត់។ ក្នុងករណីអ្នកព្រមហើយរុះរើខ្លួនឯងមិនទាន់ពេល យើងទុកពេលអោយពីរថ្ងៃបន្ថែម។
ក្នុងពេលអនុវត្តរុះរើផ្ទះទាំង១៩ខ្នងនេះ មិនមានពលរដ្ឋណា បង្ហាញការតវ៉ា ឬបញ្ចេញនូវសកម្មភាពអំពើហិង្សានោះទេ។ ប៉ុន្តែបានបង្ហាញអំពីការសោកស្តាយ នូវអ្វីដែលមាន ហើយបាត់បង់ទៅវិញ ដោយលើកហេតុផលថា ហេតុអ្វីក៏ពួកគាត់សុំរស់នៅក្នុងក្រុងដដែលមិនបាន។ បើទៅនៅទីតាំងថ្មី តើប្រកប មុខរបរអ្វី ទើបចិញ្ចឹមគ្រួសារបាន?។
ទោះជាបែបនេះ ប៉ុន្តែក្រុមពលរដ្ឋខាងលើ បានបង្ហាញអំពីជំហរ នៃការទទួលយកនូវដំណោះស្រាយរបស់អាជ្ញាធរ គ្រាន់តែអ្នកខ្លះសុំពេលបន្តិចប៉ុណ្ណោះ៕SRP

