រដ្ឋមន្ត្រី វេង សាខុន ដឹកនាំកិច្ចប្រជុំ ថ្នាក់ក្រសួងដើម្បីត្រួតពិនិត្យមើល វិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែ

0

ភ្នំពេញ៖លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភានេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពនៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ ស្របពេលជាមួយនិងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភ:។
ក្នុងកិច្ចប្រជុំលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលទទួលបានដោយជោគជ័យ ក្នុងការបំពេញភារកិច្ចនៅក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៅក្នុងក្រសួង ប្រកបដោយសុខសុវត្ថិភាព ដោយបានអនុវត្តបានពេញលេញតាមសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ និងសេចក្តីណែនាំ លេខ ២៦៦២ កសក ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់ក្រសួង ស្តីពីការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

លោកវេង សាខុន ក៏បានសូមចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបានក្នុងរយៈពេលជិត ៥ខែ ដើមឆ្នាំ២០២១ ក្នុងនេះរួមមាន៖

1) ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន ១៤១,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត, ទទួលបានផលសរុប ២,៩៣ លានតោន លើសឆ្នាំទៅចំនួនជាង ៣០០ ០០០ តោន ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៤,៥៣៥ តោន/ហ.ត។

2) ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ សម្រេចបាន ២៧,១៣% នៃផែនការ ២,៦០៩ លាន ហ.ត លឿនជាងឆ្នាំ២០២០ ចំនួន ២០៥ ៣៨២ ហ.ត ។

3) ការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១,១១៧ លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួន រួមមាន៖

 ការនាំស្រូវចេញបានចំនួន ១,៦០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១ ៤៩៦ តោន
 ចំណិតដំឡូងមី ១,២០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២២៣ ៨១៣ តោន
 គ្រប់ស្វាយចន្ទី ០,៨០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៦១០ ៥៥៩ តោន
 គ្រប់ពោត ១៣៤ ០៧៩ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៩៨ ៤៤២ តោន
 សណ្តែកបាយ ១១ ១០០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨ ៣៩០ តោន
 ចេកស្រស់ ១៩៧ ៥៨៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨១ ០៧៣ តោន
 ផ្លែក្រូចថ្លុង ២១ ១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១១ ២១៨ តោន
 ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០៨ ០៤០ តោន
 ដំណាប់ស្វាយ ១០ ៥៥៣ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧ ០០១ តោន
 ដូងប្រេង ១៩ ៩១៦ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៥ ២៤៦ តោន
 ម្រេច ៦ ៧៩៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤ តោន
 ម្ទេសស្រស់ ៥៦ ៥០៧ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២៧ ៥០៨ តោន៕SRP