ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានអះអាងថា យេីងនៅតែមានភាពជាម្ចាស់ការ គ្រប់គ្រងបានដដែល បេីទោះបីជាស្ថានភាពអ្នកជំងឺកូវីដ-១៩ កំពុងតែមានការកេីនឡេីង ដោយយេីងមានការកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត។
ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំបន្ទាន់របស់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម នាព្រឹកមិមិញនេះ។
ក្នុងកិច្ចប្រជុំ អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីមានការគិតគូរ ចំពោះសុខភាព.របស់អ្នកជំងឺទូទៅ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម យេីងបានយកអតីតសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ដេីម្បីញែកអ្នកជំងឺកូវីដ-១៩ ចេញដាច់ដោយឡែកពីគ្នា ប៉ុន្តែសម្រាប់ក្នុងដំណាក់កាលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែមានសន្ទុះកេីនឡេីងនេះ មន្ទីរពេទ្យខេត្តក៏ត្រូវរៀបចំគ្រែឲ្យបានចំនួន១០០គ្រែ សម្រាប់ត្រៀមទទួលព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ នៅពេលមន្ទីរពេទ្យមេគង្គនោះពេញផងដែរ។ ទន្ទឹមនឹងនោះយេីងក៏បានរៀបចំហើយជាស្រេចចំពោះក្រុមគ្រូពេទ្យសម្រាប់ព្យាបាល និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់ចំនួន ដោយមានទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមានបំពាក់ សម្ភារបរិក្ខារពេទ្យគ្រប់គ្រាន់ផងដែរ សម្រាប់ចេញអន្តរាគមន៍នៅពេលចាំបាច់។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានយកសំណាកលើកម្មករ កម្មការិនី ចំនួន៣២២៩នាក់ ក្នុងនោះលទ្ធផលតេស្ដរហ័ស រកឃេីញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ ហេីយបានបញ្ជូនអ្នកជំងឺទាំងនោះទៅព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម (សរុបអ្នកកំពុងសម្រាកព្យាបាល ចំនួន ៤០៤នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់យកទៅធ្វើចត្តាឡីស័ក ព្រមទាំងបានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ផងដែរ៕SRP

