អតីតយុទ្ធជនខេត្តកំពង់ធំ ចំនួន១៤០គ្រួសារ ទទួលបានផ្ទះថ្មី និងដីកសិកម្ម ពីនាយករដ្ឋមន្ត្រី

0

ខេត្តកំពង់ធំ៖អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំចំនួន ១៤០គ្រួសារ បានទទួលផ្ទះថ្មី ដីលំនៅដ្ឋាននិងដីកសិកម្ម ពីនាយករដ្ឋមន្ត្រីហ៊ុន សែន។

ពិធីប្រគល់ផ្ទះថ្មី ដីលំនៅដ្ឋាននិងដីកសិកម្ម ដែលជាអំណោយរបស់ នាយករដ្ឋមន្ត្រីហ៊ុន សែន នេះចាប់ឆ្នោត​យកក្បាល​ដី និងផ្ទះ ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកមិញនេះ

ក្រោមវត្តមាន លោកគន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា​អគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា (ស អ.ក) ដោយមានការចូលរួមពី លោកសុខ លូ អភិបាល​ខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ រួមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តផងដែរ។

យោងតាមរបាយការណ៍របស់ លោក សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា

អតីតយុទ្ធជនកម្ពុជា ដែល​មានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ និងពុំមានលទ្ធភាព​សាងសង់​លំដីដ្ឋានបានសមរម្យ ពេលនេះទទួលបានសិទ្ធិក្នុងការចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច ចំនួន​១៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង ដែលមានទំហំ ៥ម គុណ ៧ម រួមទាំងដីសម្រាប់​បង្ករបង្កើន​ផល ១ហិកតាកន្លះ។

លោក សុខ លូ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានថ្លែងថាដីតំបន់នេះជាប្រភេទដីព្រៃរេចរិល និងពុំមានការកាន់កាប់ពីសំណាក់ប្រជាពលរដ្ឋ ក៏សម្រេចយកទីតាំងនេះដែលមានផ្ទៃដីសរុប ១៩៧៨ហិកតា ដាក់ស្នើសុំជាដីសម្បទានសង្គមកិច្ច សម្រាប់ការពារទុកចែកជូនអតីតយុទ្ធ ជនកម្ពុជា ក្នុងខេត្តកំពង់ធំ ដែល​មាន​ជា​ភាពខ្វះខាត។ ហើយរហូតមកដល់ពេលនេះគឺយើងបានសាងសង់ផ្ទះជូនអតីតយុទ្ធជនមានរយៈពេល ៦០ ថ្ងៃ មានផ្ទះចំនួន ៧៣ខ្នងផ្ទះរួចជាស្ថាពរ ក្នុងចំណោម ១៤០ខ្នងផ្ទះ ក្នុងនោះបានបោះបង្គោលដីលំនៅដ្ឋាន និងដីកសិកម្មបានចំនួន ១៤០ឡូ និងបានសាងសង់ផ្លូវសរុប ១២គីឡូម៉ែត្រ។

លោក គន់ គីម បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ​​ ដែលមានសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អប្រសើរ ក្នុងការសម្របសម្រួលការងារ រហូតទទួល​បានលទ្ធផលដ៏ត្រចះត្រចង់ក្នុងរយៈពេលខ្លី។

លោកបន្តថាសម្តេចហ៊ុន សែន បានគិតគូរគ្រប់សព្វបែបយ៉ាងមកលើអតីតយុទ្ធជន និងប្រជាជនជាធំ ដោយផ្តល់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ចាក់ជូនអតីតយុទ្ធជន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩ ដែលជាអ្នកបូរជាឈាមស្រស់ សាច់​ស្រស់ ការពារបូរណភាពទឹកដី ដែលយើងមិនអាចបំភ្លេចនូវគុណបំណាច់នេះបានទេ៕SRP