ខេត្តសៀមរាប៖ប៉ូលិសស្រុកពួកបានធ្វើការបដិសេធថា ការបង្ហោះទីតាំងសង្វៀនជល់មាន់របស់សារព័ត៌មាន មួយចំនួនគឺរូបភាពចាស់។
យោងតាមរបាយការណ៍របស់នគរបាលស្រុកពួកដែលបណ្ដាញ សៀមរាបប៉ុស្តិ៍ ទទួលបាន បញ្ជាក់ថា អធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប សូមឆ្លើយបំភ្លឺជូនសាធារណៈជនក្នុងបណ្ដាញប្រព័ន្ធហ្វេសប៊ុកឲ្យបានជ្រាបថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មានសារព័ត៌មានឈ្មោះ “គេហទំព័រ រស្មីឧត្តរ” និង “សារព័ត៌មាន អាណាចក្រខ្មែរ” ព្រមទាំងសារព័ត៌មានមួយចំនួនទៀតក៏បានចំលងព័ត៌មាន និងរូបភាពផ្សព្វផ្សាយដូចៗគ្នាដែលមានខ្លឹមសារថា÷
“ពិតជាខ្លាំងមែនលោក ទេព្យ ពុំសែន អធិការស្រុកពួក ទោះបីក្រសួងសុខាភិបាលប្រកាសក្តែងៗផ្អាក់លែងអោយមានការជួបជុំគ្នា សង្វៀនជល់មាន់របស់ លោក ឆៃ ពៅ នៅតែបន្តយ៉ាងរលូន,
(សៀមរាប)នៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១នេះមានសេចក្តីរាយការណ៍ពីពលរដ្ឋភូមិត្រពាំងធំ ឃុំ រើល ស្រុកពួកខេត្តសៀមរាប។…” (មានដាក់រូបភាពជល់មាន់ និងរូបលោកអធិការនគរបាលស្រុកពួក)។
សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថាទីតាំងខាងលើមិនមានសៃវៀនជល់មាន់ទេដោយទីតាំងកន្លែងនោះយើងធ្លាប់បានបង្ក្រាបម្ដងរួចមកហើយគឺនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥រសៀល កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល មន្ត្រីសាលាស្រុក ដែលដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួកបានចុះបង្ក្រាបម្ដងរួចមកហើយនឹងធ្វើការរុះរើដុតកម្ទេចសីវៀននិងវត្ថុតាងមួយចំនួនឯអ្នកលេងជល់មាន់បានរត់គេចខ្លួនអស់។ ចំពោះរូបភាពមាន់ជល់ និងមនុស្សដែលសារព័ត៌មានបានផ្សព្វផ្សាយមិនមែនមាននៅក្នុងទីតាំងខាងលើនោះទេគឺជារូបភាពដែលយកពីកន្លែងផ្សេងមកផ្សព្វផ្សាយ។
ជាមួយគ្នានេះដែរអង្គភាពអធិការដ្ឋាននគរបាលស្រុកពួក សូមជម្រាបថាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងនៃជម្ងឺCOVID-19 និងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រស្រុកកងកម្លាំងពីអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលបានសហការជាមួយបណ្ដាលកងកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងគណៈបញ្ជាការឯកភាពឃុំដែលដឹកនាំដោយគណៈបញ្ជាការឯកភាពស្រុកពួកតែងតែយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអនុវត្តនូវវិធានការការពារ ការរីករាលដាលនៃជម្ងឺCOVID-19 បីកុំ បីការពារ និងចុះតាមដាន និងត្រួតពិនិត្យតាមមូលដ្ឋានភូមិឃុំជារៀងរាល់ថ្ងៃ។ អង្គភាពអធិការរដ្ឋាននគរបាលស្រុកពួកពិតជាមានការសោកស្ដាយចំពោះការផ្សព្វផ្សាយនៅព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរដល់បុគ្គលថ្នាក់ដឹកនាំ និងអង្គភាព។ អធិការដ្ឋាននគរបាលស្រុកពួកទទួលយករាល់សេចក្តីរាយការណ៍ ព័ត៌មានពិត និងសហការ ដឹកនាំកម្លាំងបង្ក្រាបបានទាន់ពេលវេលារាល់បទល្មើសជាក់ស្ដែង។សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសាធារណ:ជនមេត្តាជ្រាបជាព័ត៌មាន៕SRP

