អភិបាលខេត្តកំពង់ចាម ប្រាប់អាជ្ញាធរក្រុង-ស្រុក​ ឲ្យពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម​

0

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នារសៀលថ្ងៃទី១៩ ខែឧសភា ម្សិលមិញ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័ក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបន្ថែមដោយសារអ្នកពាក់ព័ន្ធនឹងអ្នកផ្ទុក​ជំងឺ​កូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យព្រួយបារម្ភ។

លោក អ៊ុន ចាន់ដា បានលេីកឡើងថា ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ ដែលបានឆ្លងកាលពីថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២១។ នេះគឺជាចំនួនឆ្លង ច្រើនជាងគេសម្រាប់ខេត្តកំពង់ចាមដែលពុំធ្លាប់មានពីមុនមក។​

អភិបាលខេត្តក៏បានរំលឹកថា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋសរុប ចំនួន ២៥៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះវិញប្រមាណជាង ១០០នាក់ និងសល់ជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម៕SRP