ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងក្រុមទី៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះ ចាន់ ខេម អាយុ ៣១ឆ្នាំមុខរបរកម្មករធ្វើផ្លូវថ្នល់ មានស្រុកកំណើតនៅ ភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប។
ប្រភពបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហឿន វីរៈ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរលក់ដូរ កំពុងស្ថិតនៅក្នុងផ្ទះក៏ស្រាប់តែដាច់ចរន្តអគ្គិសនី ដែលប្រើប្រាស់ប្រចាំថ្ងៃ ដោយមានការសង្ស័យជនរងគ្រោះ បានដើរទៅមើលប្រអប់ឌីសង់ទ័រ ត្រង់បង្គោលភ្លើងរបស់អគ្គីសនីសៀមរាប មានចម្ងាយពីផ្ទះប្រហែល២០០ម៉ែត្រ ស្រាប់តែបានឃើញជនសង្ស័យ កំពុងតែឈរស្រាវខ្សែភ្លើង ដែលតភ្ជាប់ចូលទៅផ្ទះរបស់ខ្លួន។ ជនសង្ស័យ ក៏បានទម្លាក់ខ្សែភ្លើងដែលខ្លួនកំពុងតែឈរស្រាវហើយរត់គេចខ្លួន តែត្រូវបានជនរងគ្រោះ ដេញចាប់បានភ្លាមៗតែម្ដង។
ជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាព យកកូនពូថៅកាត់ខ្សែភ្លើង របស់ជនរងគ្រោះឈ្មោះ ហឿន វីរៈ ទំហំ២×២.៦ស.ម ពិតប្រាកដមែន។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះដកហូតវត្ថុតាងមានខ្សែភ្លើងទំហំ២×២.៦ស.ម ប្រវែង២០ម៉ែត្រប្រគល់ឲ្យជនរងគ្រោះវិញ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាន នគរបាលកសាងសំណុំរឿង និងបញ្ជូនជនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

