ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបង្ហាញលទ្ធផល ការដោះស្រាយមតិ របស់ពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក។នេះបើយោងតាមទំព័រហ្វេសប៊ុក របស់សម្ដេច ស ខេង ដែលបានបង្ហោះជាផ្លូវការនាយប់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១។
ក្នុងទំព័រផេកហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសរសេរថា៖នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវលទ្ធផលការងារក្នុងខែមេសា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ។
លទ្ធផលដូចមានភ្ជាប់ជូននេះកើតចេញពីការប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាការបំពេញភារកិច្ចមានការលំបាកក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។
ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំដើម្បីរួមគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍សង្គមជាតិ ហើយក៏សូមការយល់យោគអធ្យាស្រ័យចំពោះករណីមួយចំនួនទៀតដែលមិនទាន់បានដោះស្រាយ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងធ្វើទៅតាមនីតិវិធី៕SRP

