ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅព្រឹកមិញនេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ ជាបនបន្ទាន់ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងបន្តចុះពិនិត្យស្ថានភាពបិទខ្ទប់ ភូមិអកទៀង ស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានពលរដ្ឋវិជ្ជមានកូវីដ-១៩។
ការចុះពិនិត្យនេះ បន្ទាប់ពីទទួលលទ្ធផលវិជ្ជមានកូវីត-១៩ លើកម្មករ កម្មការិនី ចំនួន៧នាក់ និងអ្នកប៉ះពាល់ជាង២០០នាក់ នៅរោងចក្រ លី ឈាងខប ស្ថិតនៅក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកម្មករ កម្មការិនី ចំនួន ៧នាក់ ក្នុងនោះក៏មានអ្នកពាក់ព័ន្ធជាង២០០នាក់ ដែលចាំបាច់ត្រូវឲ្យរោងចក្រកាត់ដេរ លី ឈាងខបនេះ ផ្អាកសកម្មភាពជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ដេីម្បីឲ្យកម្មករកម្មការិនីពាក់ព័ន្ធទាំងនោះ ធ្វើចត្តាឡីស័កតាមការកំណត់។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ ៖ ក្នុងនោះលទ្ធផលតេស្តរហ័សរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ គឺនៅស្រុកស្រីសន្ធរ ២នាក់, កងមាស ២នាក់ និងស្រុកបាធាយ ចំនួន ៧នាក់ ដោយឡែកលទ្ធផលបញ្ចាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ចំនួន ៥នាក់ទៀត ក្នុងនោះនៅស្រុកចំការលើ ៤នាក់ និងស្រុកកំពង់សៀម ១នាក់ និងករណីជាសះស្បើយ ចំនួន ៩នាក់ ផងដែរ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ៕SRP