ចៅហ្វាយស្រុកបាគង ព្រមានចាប់ជនល្មើស ដែលលួចកាប់ព្រៃលិចទឹក យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ អោយបាន​

0

ខេត្តសៀមរាប៖ចៅហ្វាយស្រុកប្រាសាទបាគង លោកសូរ ប្លាតុង បានអះអាងថានឹងបើកការស្រាវជ្រាវ រកជនល្មើស លួចឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់អោយបាន​។

ការអះអាងនេះនៅថ្ងៃទី០៥ខែឧសភា ម្សិលមិញ ក្នុងពេលលោកបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំង នៃតំបន់ព្រៃលិចទឹក ដែលមានជនល្មើសមិនស្គាល់អត្តសញ្ញាណ លួចឈូសឆាយទន្ទ្រានយក នៅចំណុចស្បែកខ្លាក់ ​ភូមិគោកធ្លក និងនៅក្រោមចំណុច ទំនប់ទឹកថ្លា ស្ថិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកអភិបាលស្រុកបានបន្តថា ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឺងរៀបចំ​ផែនការដាំដើមឈើ​ជួសឡើងវិញ កំណត់ទីតាំងនិងទំហំ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹក អោយបានគង់វង្ស ធ្វើជាជម្រកសម្រាប់ត្រីពងកូននារៀងរាល់រដូវវស្សាទឹកឡើង។

ចំណែកអាជ្ញារធរភូមិ ឃុំ ត្រូវរៀបចំក្រុមការងារ ធ្វើការ​ល្បាត​ ទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រាន ឈូសឆាយព្រៃលិចទឹកនេះ​ អោយខ្លាំងក្លាជាងមុន ជាពិសេស​រួមគ្នា​រកវិធីបង្ការកុំអោយមានភ្លើងឆេះព្រៃនិងត្រៀមលក្ខណៈពន្លត់ផងដែរ។

ជាមួយគ្នានេះ អភិបាលស្រុកក៏បានស្នើអោយបងប្អូនប្រជាកសិករ ដែលអាស្រ័យក្បែរទីតាំងនេះ ជួយសហការណ៍ ផ្តល់ព័ត៌មាន មកអាជ្ញាធរ ក្នុងករណីបង្ក្រាបបាន រដ្ឋបាលស្រុកនឹងផ្តល់រង្វាន់លើកទឹកចិត្តជូនផងដែរ៕SRP