ខេត្តសៀមរាប៖មរណភាព គ្មាននរណាម្នាក់អាចគេចផុតបានទេ មានជីវិតតែងតែ លាចាករលត់ទៅវិញ នោះគឺជាច្បាប់នៃធម្មជាតិ ។
ប៉ុន្តែយើងលំបាកទទួលយក នៅពេលដែលយើងបាត់បង់ មនុស្សជាទីស្រលាញ់ គោរព រាប់អាន ជាពិសេស ការប្រព្រឹត្តអំពើល្អ ដល់មនុស្សជុំវិញខ្លួន ព្រមទាំងក្នុងសង្គមជាតិផងដែរ។
លោក ភន់ គៅ អាយុ 72 ឆ្នាំ ជាប្រធានភូមិ
ប្រម៉ា សង្កាត់ក្របីរៀល ក្រុងសៀមរាប បានទទួលមរណៈភាព នៅថ្ងៃទី4 ខែ ឧសភា ឆ្នាំ 2021 ដោយ រោគគាពាធ លោកបានបម្រើ ជាប្រធានភូមិ នៅក្នុងភូមិប្រម៉ា ដែលជា ទីកន្លែងដែលគាត់បានកើត និង ជាទីកន្លែងដែលលោក បានលះបង់ចូលរួម បម្រើពលរដ្ឋក្នុងភូមិរបស់លោក ដោយ ការស្រលាញ់ និងគោរព។
មរណៈភាពរបស់លោក បានបន្សល់នូវ ការស្ដាយស្រណោះ នៃទង្វើ ភាពជាឪពុកម្ដាយ ដល់ប្រជាពលរដ្ឋ ក្នុងភូមិទាំងមូល ។ ភាពអត់ធ្មត់ ភាពខន្តី សន្តោសប្រណី និងភាពស្ងៀមស្ងាត់ បានសម្រួល ឲ្យពលរដ្ឋ រស់នៅក្នុងភូមិ
ដោយភាពសុខសាន្ត មិនមានការប្រើអំពើហិង្សា ដាក់គ្នាទៅវិញទៅមក ព្រមទាំង គោរពនូវបែបបទ ការរស់នៅថ្លៃថ្នូរគោរពគ្នាទៅវិញទៅមក ជាពិសេសនោះ លោកតែងតែ បានបំផុស ឱ្យប្រជាពលរដ្ឋចូលរួមកិច្ចការផ្សេងៗ ដើម្បីអភិវឌ្ឍន៍ ភូមិរបស់លោក នៅក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដោយមោទនភាពចេញពីក្នុងខ្លួនរបស់លោក។
នៅចម្ងាយ ប្រមាណប្រហែល 10 គីឡូម៉ែត្រ ចេញពីតំបន់ប្រជុំជនក្រុង សៀមរាប នៃទិស និរតី យើង នឹងមកដល់ ភូមិប្រម៉ា ដែលស្ថិតក្នុងសង្កាត់ក្របីរៀល។ នៅគេហដ្ឋានរបស់សព យើងបានឃើញ ក្រុមការងារ របស់យុវជន ប្រចាំតំបន់ មិត្តភក្កិរួមការងារ សាលាសង្កាត់ និងក្រុង បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ របស់លោក ភន់ គៅ និង ជាការដឹងគុណ ចំពោះកិច្ចការដ៏ថ្លៃថ្លា ដែលលោកបានបំពេញ។
អ្វីដែលបន្សល់នៅក្នុងភូមិប្រម៉ា គឺប្រជាពលរដ្ឋបានចងចាំ នៅភាពចាស់ទុំ ដែលលោក ភន់ គៅ បានបំរើពួកគាត់ ជាមួយនិង ជម្រៅនៃការស្រលាញ់ ភាពថ្លៃថ្នូរ អត់ធ្មត់ និងភាពអាធ្យាស្រ័យ ដល់គ្នាទៅវិញទៅមក សូមឲ្យវិញ្ញាណក្ខន្ធរបស់លោក ឆ្ពោះទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
រាយការណ៍ជូនដោយ :
លោក សឿន តុលា

