ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ អធ្យាស្រ័យ យោគយល់គ្នា ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ការអំពាវនាវនេះ ក្នុងឱកាសលោកចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១។
លោកសុខ លូ បានបន្ថែមទៀតថា ជំងឺកូវីដ១៩ កំពុងតែមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា រួមទាំងខេត្តកំពង់ធំផងដែរ ជាពិសេសនៅស្រុកស្ទោង ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែបងប្អូនមិនត្រូវភ្លេចនូវការអនុវត្តនូវវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕SRP

