ក្រុមសមត្ថកិច្ច ចុះឆែកហើយ តែមិនឃើញឈើលើសច្បាប់នោះទេ

0

ខេត្តសៀមរាប៖សមត្ថកិច្ចរដ្ឋបាលព្រៃ ឈើនៅថ្ងៃទី២៨ខែមេសា ព្រឹកមិញនេះ បានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះឆែកនិងពិនិត្យទីតាំងស្តុកឈើមួយកន្លែងក្រោយសង្ស័យថា មានលើសច្បាប់(PC)។

ទីតាំងដេប៉ូលក់ឈើដែលត្រូវបានសមត្ថកិច្ចចុះឆែកនេះ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានម្ចាស់ឈ្មោះស៊ុម សុភាព ភេទស្រី។

ឆ្លងកាត់ការវាស់វែងនិងពិនិត្យផ្ទៀងផ្ទាត់ជាច្រើនម៉ោង សមត្ថកិច្ចបានរកឃើញឈើនៅក្នុងដេប៉ូមានចំនួន៦០.៣៥៩ម៉ែត្រគូប។

នាយសង្កាត់រដ្ឋបាលបាគង លោកយឹម ស៊ីវន  បានអោយដឹងថា ឈើនៅក្នុងដេប៉ូដែលឆែកឆេមានចំនួន៦០.៣៥៩ម៉ែត្រគូប។ ប៉ុន្តែដេប៉ូខាងលើបានទិញឈើចូលស្របច្បាប់សរុប១១០.១៦៤ម៉ែត្រគូប មានន័យថា មិនមានករស្តុកឈើលើសច្បាប់នោះឡើយ។
លោកបន្តថា ឈើទាំងនេះក្រុមហ៊ុនមួយដេញថ្លៃបាន ហើយលក់បន្តអោយតាមបណ្តដេប៉ូយកចែកចាយបន្ត នោះជាប្រភេទឈើស្របច្បាប់។ អីចឹងទេ ទីតាំងខាងលើ គឺជាដេប៉ូមានច្បាប់ ពុំមែនជាឃ្លាំងស្តុកឈើអត់ច្បាប់ ដូចការផ្សព្វផ្សាយនោះឡើយ៕SRP