លោក ហ៊ុន ម៉ាណែត៖ «បេសកកម្ម ៥១ថ្ងៃ រៀបចំ ៥មន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ១៩ សរុបប្រមាណ៤.៣០០គ្រែ»

0

ភ្នំពេញ៖លោកហ៊ុន ម៉ាណែត បានអះអាងថា”បេសកកម្ម ៥១ថ្ងៃ រៀបចំ ៥ មន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ១៩ សរុបប្រមាណ ៤.៣០០គ្រែ”។ នេះបើយោងតាមផេកហ្វេសប៊ុករបស់លោកបានបង្ហោះនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៧ខែមេសានេះ។

លោកហ៊ុន ម៉ាណែត បានបង្ហាញថា៖ក្នុងរយៈពេល ៥១ថ្ងៃ ក្រុមការងារយើងបានរួមគ្នារៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត១៩ កម្រិតស្រាល ចំនួន ៥ ( the Great Duke, មន្ទីរពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត១៩កោះពេជ្រ ទី១និងទី២, និងមណ្ឌលព្យាបាលកូវីត១៩ ទួលពង្រ) ដែលអាចរៀបគ្រែសរុបប្រមាណ ៤.៣០០គ្រែ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។

ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕SRP