ខេត្តកំពង់ចាម៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយ ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះសំបែង ចំនួន៧២គ្រួសារ នៅក្នុងឃុំស្រក ស្រុកកំពង់សៀម។
ពិធីចែកអំណោយ បានធ្វេីឡើងថ្ងៃទី២៤ ខែមេសា ព្ព្រឹកមិញនេះក្រោមវត្តមាន លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានធ្វើការផ្តាំផ្ញេីដល់ប្រជាពលរដ្ឋ ឲ្យបង្កេីនការប្រុងប្រយ័ត្ន នៅពេលមានភ្លៀងខ្យល់ផ្គររន្ទះ ព្រោះមានហានិភ័យខ្ពស់ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល ជាពិសេសកូនចៅតូចៗ កុំឲ្យចេញក្រៅផ្ទះ ឬនៅទីវាល។ អភិបាលខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋ ត្រូវអនុវត្តតាមវិធានការ ៣ការពារ ៣កុំ។
លោក វេង សាខុន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំអាជ្ញាធរខេត្តកំពង់ចាម ដែលបានធ្វើការអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងបម្រើប្រជាពលរដ្ឋយ៉ាងរស់រវើក និងទាន់ពេលវេលា ដូចក្នុងឱកាសនេះ។ រដ្ឋមន្ត្រី ក៏បានផ្តាំផ្ញេីដល់ពលរដ្ឋ ឲ្យយកថវិកា ដែលទទួលបានក្នុងការឧបត្តម្ភនេះ ទៅទិញសម្ភារ កសាងលំនៅឋានឡើងវិញ ហើយបន្តមុខរបរបង្កបង្កើនផលឡើងវិញ ផងដែរ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៧០គ្រួសារ ដោយមានអង្ករ មី ទឹកត្រី ស៊ីអ៊ីវ ត្រីខ មុង ភួយ សារុង ក្រមា អាវ និងថវិកាមួយចំនួនតាមទំហំនៃការខូចខាត ដែលមានកំរិតធ្ងន់ និងស្រាល៕SRP

