ខេត្តសៀមរាប៖អាជ្ញាធរបានសម្រេចផ្ដល់អំណោយដល់អ្នកសារព័ត៌មានជិត២០នាក់ដែលបម្រើការងារយកព័ត៌មានតាមអង្គភាពនីមួយៗរបស់ខ្លួន នៅក្នុងខេត្តសៀមរាប។
ការផ្ដល់អំណោយនេះធ្វើនារសៀលថ្ងៃទី២១ខែមេសាម្សិលមិញ នៅរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត និងតំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប លោកស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងលោកលីវ សុខុនប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប។អំណោយដែលបានឧបត្ថម្ភដល់អ្នកសារព័ត៌មានរួមមានក្នុងម្នាក់ៗទទួលបាន អង្ករ ២០គ.ក្រ,មី១កេស, ទឹកស៊ីអ៊ីវ ១យួ , ត្រីខ១យួ, ម៉ាស់២ដុំ និងអាល់កុល។
សូមជម្រាបថាការផ្ដល់អំណោយនេះជាលើកដំបូងរបស់អាជ្ញាធរខេត្តសៀមរាបដល់អ្នកសារព័ត៌មានក្នុងខណ:ពេលប្រទេសមានការរីករាលដាលជំងឺកូវីដ–១៩។ទាំងនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តសៀមរាបជាមួយអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មាន តាមវិជ្ជាជីវ:និងក្រមសីលធម៌ ជាពិសេសបានផ្សាយព័ត៌មានសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តសៀមរាប នាពេលកន្លងមក។
អ្នកសារព័ត៌មានបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាបដែលបានគិតគូរនិងផ្ដល់អំណោយទាំងនេះដើម្បីដោះស្រាយជីវភាពដែលកំពុងមានការខ្វះខាត៕SRP

