ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរព្រះគុណ ចំពោះព្រះនាគមុនីមេគណខេត្តកំពង់ចាម និងសប្បុរសជននានា ជាពិសេស លោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានគាំទ្រជួយឧបត្ថម្ភ ទាំងថវិកា និងផ្នែកសម្ភាជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកបានបន្តថាអំណោយទាំងនេះ ជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជាការជួយរំលែកទុក្ខលំបាក ការខ្វះខាត របស់បងប្អូនពលករចំណូលស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ។
លោកថ្លែងអរគុណ ក្នុងពេលអញ្ជើញទទួលសម្ភារនិងថវិកា របស់សប្បុរសជន នៅសៀលថ្ងៃទី២១ ខែមេសានេះ។
គួរបញ្ជាក់ថា ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ ដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម បានដឹកនាំកៀងគរ និងឧបត្ថម្ភ ទឹកក្រូច ចំនួន៣០កេស ទឹកបរិសុទ្ធ ២០០កេសនិង៥០០យួរ។
លោក នួន គងសល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បាននាំយកអំណោយរបស់ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន៣ពាន់ដុល្លារអាមេរិក។ លោកស្រី លាង ស្រ៊ី ឧបត្ថម្ភ មី៣០កេស ទឹកបរិសុទ្ធ ៣០កេស និងម៉ាសចំនួន២៥០០ម៉ាស។ លោកស្រី ចាន់ គឹមហេង និងក្រុមគ្រួសារ ឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន ចំនួន២លានរៀល។ លោក គឹម ហេង និងលោកស្រី ឧបត្ថម្ភ មីចំនួន ៤កេសធំ ទឹកបរិសុទ្ធ៥០កេស និងម៉ាសចំនួន៣កេសធំ៕SRP

