
ខេត្តកំពង់ចាម៖នគរបាល ស្រុកកំពង់សៀម ដឹកនាំដោយ លោក ឯក វ៉ាន់ដន សហការ ជាមួយនគរបាល ស្រុកកោះសូទិន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ បានឃាត់ខ្លួនបុរស ០២នាក់ ពាក់ព័ន្ធនឹងករណីលួចគោ ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះ វុធ ស៊ីណាត អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ២.ឈ្មោះ ម៉ាត់ សុក្រី អាយុ ៣៩ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរ ដឹក និងទិញលក់សត្វគោ មានទីលំនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រួមមាន÷ ម៉ូតូសណ្តោងររ៉ឺម៉ក ពណ៌ស្លឹកឈើចាស់ គ្មានស្លាកលេខ ១គ្រឿង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ការលួចគោទាំង ០៣ករណីនេះ គឺជនសង្ស័យបានយកទៅលក់នៅភូមិស្រែសៀម ឃុំជីរោន៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឲ្យមនុស្សប្រុសម្នាក់ មានវ័យប្រហែល ៤០ឆ្នាំ មិនស្គាល់ឈ្មោះ ក្នុងតម្លៃគោ ១ក្បាល ចំនួន ៤.០០០.០០០រៀល ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានជំនាញនាំមកកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕SRP

