លោកហ៊ុន ម៉ាណែត៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើង មិនទាន់មានសិទ្ធិសម្រាកទេ…

0

ភ្នំពេញ៖លោកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានបង្ហោះសារមួយនៅលើទំព័រអាខោនហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា «ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើងមិនទាន់មានសិទ្ធិសម្រាកទេ…»។

នៅក្នុងសារដដែល លោកហ៊ុន ម៉ាណែត បានសរសេរថា៖បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងករណីមានតម្រូវការចាំបាច់។

លោកបានបន្តថាខ្ញុំនិងក្រុមការងារសង្ឃឹមថាការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ-១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលយើងរៀបចំទាំងនេះនឹងមិនមានតម្រូវការប្រើប្រាស់នោះទេ🙏 ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំងនេះឲ្យបានឆាប់រហ័សនិងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕SRP