ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បកបោក បណ្តាលឲ្យខូចខាតផ្ទះសំបែង ចំនួន៤០ខ្នង នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ កាលពីពេលកន្លងទៅថ្មីៗនេះ។
ពិធីធ្វើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពី លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា មន្ត្រីក្រុមប្រតិបត្តិ អនុសាខាស្រុក និងក្រុមការងារកាកបាទក្រហមកម្ពុជាឃុំផងដែរ។
លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” លេីសពីនោះត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កុំអោយជម្ងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលដល់ក្នុងគ្រួសារ និងសហគមន៍យើងបានឡេីយ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៤០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១ (មុង១ ភួយ១ សារុង១ ក្រមា១) អាវយឺត២។
ដោយឡែក ចំពោះអ្នកដែលខូចខាតធ្ងន់ ចំនួន ៤ គ្រួសារ ទទួលបានថវិកា ៣០០,០០០ រៀល – អ្នកដែលខូចខាតមធ្យម ចំនួន ៣គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល ហើយអ្នកខូចខាតស្រាល ចំនួន ២៩គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល ផងដែរ៕SRP

