ខេត្តបាត់ដំបង៖មនុស្សចំនួន១៣នាក់ ត្រូវបានកម្លាំងចម្រុះរបស់ខេត្តបាត់ដំបង ចាប់ខ្លួនករណីប្រមូលផ្ដុំលេងល្បែងភ្នាល់ទឹកភ្លៀង ដែលប្រឆាំងទៅនឹងបម្រាមរបស់ប្រមុខ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩។
ការបង្ក្រាបនេះ នៅរសៀលថ្ងៃទី១៩ ខែមេសា ម្សិលមិញ ចំនួន៣គោលដៅ នៅក្រោយផ្សារ ភូ ពុយ ខេត្តបាត់ដំបង។
សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថាការបង្ក្រាបការប្រមូលផ្ដុំអ្នកលេងល្បែងភ្នាល់ទឹកភ្លៀង ទាំង៣គោលដៅនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងចំនួន ១៣នាក់ ក្នុងនោះមានស្រី១ ម៉ូតូចំនួន ១០គ្រឿង រថយន្តចំនួន ៤គ្រឿងបញ្ជូនមកស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
សូមជម្រាបថាក្នុងប្រតិបត្តិការនេះ បញ្ជាផ្ទាល់ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង ដោយប្រើប្រាស់កម្លាំងរបស់ស្នងការនគរបាលខេត្តបាត់ដំបង មានកម្លាំងសន្តិសុខផ្ទៃក្នុង និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបង នឹងចូលរួមពីលោកណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងគ្រប់ប្រភេទផងដែរ៕SRP

