លោកផ្លុង រ៉េត ទទូចសុំស្ថាប័នតុលាការ ដោះលែងអ្នកកាសែត ដែលត្រូវឃុំខ្លួន សង្ស័យឆក់ត្រី

0

ខេត្តសៀមរាប៖លោកផ្លុង រ៉េត ចាងហ្វាងការផ្សាយកាសែតកម្ពុជាសុវណ្ណភូមិ បានទទូចសុំអោយស្ថាប័នតុលាការ ដោះលែងអ្នកកាសែតម្នាក់ដែលបានផុងខ្លួនចូលទៅឆក់ត្រីតាមគេ ក្នុងតំបន់ហាមឃាត់។

ការទទូចសុំអោយមានការដោះលែងនេះ គឺក្រោយ ពីតុលាការសម្រេចឃុំខ្លួនអ្នកកាសែតម្នាក់និងបុរសជាកីឡាករ ម្នាក់ទៀត កាលពីល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ ម្សិលមិញ ក្រោមបទចោទ នេសាទដោយប្រើឧបករណ៍ឆក់ តាមមាត្រា៩៨ ចំណុច៤ ស្តីពីជលផល។

លោផ្លុង រ៉េត ចាងហ្វាង កាសែតកម្ពុជាសុវណ្ណភូមិ នៅព្រឹកថ្ងៃទី១៣ខែមេសានេះបានប្រាប់អ្នកសារព័ត៌មាន ថា លោកសៀ ឆៃណា សហការីកាសែតកម្ពុជាសុវណ្ណភូមិ ប្រចាំខេត្តសៀមរាប បានត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១២ខែមេសា ២០២១។ តាមពិតឈ្មោះសៀ ឆៃណា នេះ មិនមែនជាអ្នកអាជីពឆក់ត្រីនោះឡើយ។ គាត់បានផុងខ្លួនទៅតាមគេ ព្រោះតែហូបចុកតិចតួចស្រវឹងបាត់បង់ម្ចាស់ការ។ អីចឹងទេ ពួកគាត់ទាំងពីរនាក់ដែលត្រូវបានឃុំខ្លួននោះ សុទ្ធសឹងពុំមែនអ្នកអាជីព ឆក់ត្រីនោះឡើយ។

ជាមួយគ្នានោះ លោកផ្លុង រ៉េត ក៏បានទទូចសុំស្ថា ប័នតុលាការ មេត្តាយោគយល់ និងផ្តល់ឱកាសដើម្បីធ្វើការកែខ្លួន ដោយដោះលែងពួកគាត់អោយនៅក្រៅឃុំ។

លោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត សៀមរាប បានថ្លែងថា ក្នុងមានមន្ទីរប្រសិនបើអ្នកកាសែតរូបណា ចុះយកព័ត៌មាន ឬស្វែងរកព័ត៌មាន ដោយអនុវត្តតាមវិជ្ជាជីវ: ហើយមានការប៉ះពាល់ដល់អាជ្ញាធរមាន សមត្ថកិច្ច នោះមន្ទីរនឹងស្វះស្វែងជួយអន្តរាគមន៍ ទៅតាមអ្វីដែលអាចធ្វើទៅបាន។ ប៉ុន្តែនេះគាត់ទៅប្រព្រឹត្តអំពើខុសច្បាប់ សមត្ថកិច្ចអាចការតាមនិតិវិធី។ អីចឹងទេ មន្ទីរមិនអាចលូកដៃបានឡើយ។ ប៉ុន្តែខាងមន្ទីរ នឹងតាមដានរឿងនឹង។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោកយិន ស្រាង បានប្រាប់តាមទូរសព្ទ័ថា បុរសឈ្មោះសៀ ឆៃណា និងឈ្មោះសារឹម វណ្ណថន ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្នហើយ ដោយចោទពីបទ នេសាទដោយប្រើឧបករណ៍ឆក់ តាមមាត្រា៩៨ ចំណុច៤ ស្តីពីជលផល។

សូមបញ្ជាក់ថា ឈ្មោះសៀ ឆៃណា សហការីកាសែតកម្ពុជាសុវណ្ណភូមិ និងឈ្មោះសារឹម វណ្ណថនជាកីឡាប្រដាល់ ត្រូវបានប្រជាសហគមន៍បឹងពារាំងចាប់ឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច កាលពីយប់ថ្ងៃទី១១ខែមេសាឆ្នាំ ២០២១ ក្នុងខណ:ដែលពួកគេចូលទៅឆក់ត្រី ត្រង់ចំណុចបបុស្ស ក្នុងដែនសហគមន៍បឹងពារាំង សង្កាត់ជ្រាវ នៃក្រុងសៀមរាប។ លុះល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ២០២១ ក៏ត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន៕ រូបថត លោកផ្លុង រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណ ពេលផ្តល់សម្ភាសន៍៕SRP