ខេត្តព្រះវិហារ៖សមត្ថកិច្ចបានចាប់ខ្លួនមេឆ្នោតខុសច្បាប់ម្នាក់ប្រចាំក្រុងព្រះវិហារ បន្ទាប់ពីបានធ្វើសកម្មភាពរាប់ឆ្នាំមកហើយ។
ការបង្ក្រាបនេះធ្វើឡើងនៅរសៀល ថ្ងៃទី១១ ខែមេសា ម្សិលមិញ នៅចំណុចភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដឹកនាំដោយលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានអោយដឹងថា មេឆ្នោតដែលត្រូវចាប់ខ្លួននេះមានឈ្មោះឈ្មោះចែអូន នឹងប្តីឈ្មោះ ហ័ត មានទីលំនៅភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាង មានម៉ាស៊ីនគិតលេខ ក្រដាស់កត់កន្ទុយលេខ សៀវភៅកត់លេខ នឹងវត្ថុតាងមួយចំនួន។
លោកបានបន្តរថា មេឆ្នោតរូបនេះ បានលួចលាក់កត់ឆ្នោតជាយូណាស់មកហើយ ប៉ុន្តែមិនដែលចាប់បាននោះទេ គាត់នៅតែធ្វើសកម្មភាពកត់ឆ្នោតដដែល រហូតដល់ថ្ងៃឃាត់ខ្លួននេះតែម្តង។
សូមបញ្ជាក់ថា ជនសង្ស័យមេឆ្នោត ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះវិហារ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

