លោកហ៊ុយ វណ្ណៈ ៖ខ្ញុំមានរឿង២ចែករំលែក អំពី ជនបរទេសខ្លះឡប់!

0

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោកហ៊ុយ វណ្ណៈ នៅរសៀលថ្ងៃទី១១ ខែមេសាឆ្នាំ ២០២១ នេះ តាមរយៈគណនយ្យហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរសារមួយបង្ហោះថា៖ «ខ្ញុំមានរឿង២ចែករំលែកអំពី ជនបរទេសខ្លះឡប់»។

លោកហ៊ុយ វណ្ណៈ បានបង្ហាញថា៖ ទី១• នៅឆ្នាំ២០១៧ ខ្ញុំក្នុងនាមប្រធាន ស.ស.ស.ក បានតវ៉ាស្នើទៅទូរទស្សន៍ CNN ឲ្យឈប់ផ្សាយឯកសារកាឡៃសាច់រឿងមួយសហការផលិតដោយអង្គការ AIM មានចំណងជើងថា «ម្តាយជាស្ត្រីខ្មែរលក់កូនឲ្យបម្រើផ្លូវភេទ ដើម្បីយកលុយចិញ្ចឹមជីវភាព»។ តួនៅក្នុងឯកសារនោះ គឺសុទ្ធតែជាស្ត្រីវៀតណាម។ វប្បធម៌ខ្មែរ ទឹកចិត្តម្តាយខ្មែរ មិនអាក្រក់រហូតលក់កូននោះទេ។ ប៉ុន្តែ បរទេស ដើម្បីលុយជំនួយ គេហ៊ានកាឡៃសាច់រឿងបោកទីផ្សារបរទេស។ យើងជាខ្មែរ ទទួលយកការបំភ្លៃប្រមាថបែបនេះ មិនបានទេ។ បើគ្មានការតវ៉ា រឿងនេះនៅតែជាមុខរបរសម្រាប់អាជីវកម្ម និងការយល់ច្រឡំដល់សព្វថ្ងៃ។ ប៉ុន្តែ ចាប់តាំងពីការតវ៉ាតាំងពីពេលនោះមក ខ្ញុំមិនដែលឃើញ CNN ផ្សាយបញ្ហានេះទៀតទេ។
ទី២• ថ្មីៗនេះ ជនជាតិអៀកឡង់ ជាវិចិត្រករ បានប្រើបច្ចេកវិទ្យាឆ្នៃរូបថតជនរងគ្រោះនៅគុកទួលស្លែង ដើម្បីបម្រើគោលដៅលក់តាម Internet ហើយផ្សាយនៅកាសែត The Vice។ យើងទទួលយកមិនបានចំពោះទង្វើប្រមាថជនរងគ្រោះ និងការកាឡៃប្រវត្តិសាស្ត្រជាតិរបស់យើង។ រូបថតកាឡៃ៤-១០សន្លឹកនេះ មានឥទ្ធិពលធ្វើឲ្យមនុស្សជំនាន់ក្រោយយល់ច្រឡំពីឧក្រិដ្ឋកម្មខ្មែរក្រហម ទៅជារឿងលេងសើច។ បើយើងមិនបញ្ឈប់ករណីនេះជាបន្ទាន់ ជនបរទេសឡប់ខួររូបនោះ នឹងបន្តកែរូបភាពច្រើនឡើងថែមទៀត ដើម្បីអាជីវកម្មឆ្កួតៗលើវិញ្ញាណព្រលឹងជនរងគ្រោះ។ ក៏មានអ្នកខ្លះ Share រូបកែ ហើយសរសេរ «Interesting»។ នេះគឺជាការឡប់បន្ត ដែលកើតចេញពីការចាប់អារម្មណ៍លើរូបកាឡៃ ដោយមិនយល់អ្វីសោះចំពោះការពិតនៃប្រវត្តិសាស្ត្រជាតិ។ បែបនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះការខិតខំប្រឹងប្រែងទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ឥឡូវ បញ្ហានេះបានជ្រាបដល់ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ហើយកំពុងមានវិធានការបន្ទាន់ ដើម្បីឈានទៅលុបបំបាត់ទង្វើឆ្កួតលេលារបស់ជនបរទេស ចំពោះជាតិយើង៕SRP