លោក ផូ ស៊ីផា សុំបដិសេធព័ត៌មានថា សមត្ថកិច្ចចាប់ខ្លួនរូបលោក ជារឿងមិនពិត

0

                                          «លោកផូ ស៊ីផា»

ខេត្តសៀមរាប៖លោកផូ ស៊ីផា អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប សុំធ្វើការបដិសេធ ចំពោះព័ត៌មានមួយចំនួន ដែលបានបង្ហោះតាមបណ្ដាញសង្គមថា រូបលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន រឿងឆបោក ដោយការផ្សព្វផ្សាយនោះ ជារឿងមិនពិតនោះទេ។

លោកផូ ស៊ីផា តាមរយ:«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅព្រឹកថ្ងៃ១១ខែ មេសាឆ្នាំ២០២១នេះ បានចេញមុខបំភ្លឺថា ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានមួយចំនួនបានបង្ហោះថាសមត្ថកិច្ចចាប់រូបលោករឿងឆបោក ជារឿងមិនពិត មូលបង្គាច់បំផ្លាញកិត្តិយសរបស់លោកតែប៉ុណ្ណោះ។ លោកផូ ស៊ីផា បានបន្តថា រូបលោកពិតជាបានទទួលលុយចំនួន៥ម៉ឺនដុល្លារពីលោក ទូស សាភឿន ប្រាកដមែនតាមរយ:ABA ដោយបានយកដី១ប្លង់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាទ្រព្យបញ្ចាំ។ 

បើតាម លោក ផូ ស៊ីផា បានបញ្ជាក់ថា ការខ្ចីប្រាក់ចំនួន៥ម៉ឺនដុល្លារខាងលើ នឹងត្រូវយកមកទូទាត់ជាមួយនឹងលោកទូស សាភឿន វិញ ដែល លោកទូស សាភឿន បានទិញដីពីរូបលោកចំនួន២២៣ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចុះកុងត្រានៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងទឹកប្រាក់សរុបចំនួន(១០,៨៦០,០០០ដុល្លារ) តែចាប់តាំងពីថ្ងៃបានធ្វើកុងត្រាជាមួយគ្នាមក លោកទូស សាភឿន ទើបតែទូទាត់លុយមកឲ្យ លោកផូ ស៊ីផា បានតែចំនួន(១,៤២៣,៧០០ ដុល្លារ) នៅខ្វះប្រាក់ចំនួន(៩,៤៣៥,៣០០ ដុល្លារ) ដែលមិនទាន់បានទូទាត់ឲ្យលោក ផូ ស៊ីផា រហូតមកដល់ពេលនេះ។

ចំណែកលុយចំនួន៥ម៉ឺនដុល្លារដែលលោកបានខ្ចីនោះ លោកទូស សាភឿន មិនដែលបានមកទារពីលោកម្ដងណាឡើយ។ ប៉ុន្តែបែជាលោក ទូស សាភឿន ទៅប្ដឹងរូបលោកពីបទឆបោក គេចវេសមិនព្រមសងលុយដែលរូបលោកបានខ្ចី និងសុំឲ្យសមត្ថកិច្ចចាប់រូបលោក នឹងសុំឲ្យរឹបអូសរថយន្តរបស់លោក១គ្រឿងម៉ាកលុយស៊ិសពណ៌មាសពាក់ស្លាកលេខសៀមរាប.២B៦៨០៦ទៅវិញ។ ត្រង់ចំណុចនេះ ខ្ញុំផូ ស៊ីផា សុំធ្វើការបដិសេធ នូវព័ត៌មានមួយចំនួនដែលបានផ្សាយកន្លងថាមានសមត្ថកិច្ចចាប់រូបលោកជារឿងមិនពិតទាំងស្រុង។ ជាមួយគ្នានេះ លោកផូ ស៊ីផា ថាគ្រោងនឹងប្ដឹងអ្នកបង្ហោះព័ត៌មានមួយចំនួនដែលបានផ្សាយបំផ្លើសការពិត។

ជុំវិញករណីនេះ«សៀមរាបប៉ុស្ដិ៍»នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក ទូស សាភឿន នៅឡើយទេ នៅព្រឹកនេះ៕SRP