បើកម៉ូតូបុករថយន្តចតស្ងៀមពីក្រោយ នៅស្រុកក្រឡាញ់ បណ្ដាលមនុស្ស២នាក់ស្លាប់នឹងរបួស

0

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ខណៈបើកម៉ូតូឌុបគ្នាទៅបុករថយន្តធំពីក្រោយដែលបានចតស្ងៀម។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី០៩មេសា២០២១ រវាង ម៉ូតូនិងរថយន្តធំ នៅលើផ្លូវជាតិលេខ ៦ត្រង់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំ​កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ ភាគី ម៉ូតូម៉ាកហុងដាសេរី​ ២០១៧ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ប.មានជ័យ 1P.9886 បើកបរដោយ ឈ្មោះ អត សឿប ភេទប្រុស អាយុ៥០ឆ្នាំរស់នៅ​ភូមិ​ សំពៅលូនខាងលិច ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់មមួកសុវត្ថិភាព (ស្លាប់) អ្នកជិះជាមួយ ឈ្មោះ ផល្លី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិដូនអាវ ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង មិនពាក់មួកសុវត្ថិភាព ទិសដៅពីកើតទៅលិច បានបុករថយន្តធំគ្រឿងពីក្រោយម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ ខាងក្រោយ ព្រះសីហនុ ៤A-១៥៥៨ ខាងមុខ ភ្នំពេញ 3C.2940 ដឹកឥដ្ឋ ឈប់នៅផ្លូវខាងស្តាំបែក្បាលទៅទិសខាងលិច អ្នកបើកបរ​ដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ចុះរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តថាករណីនេះរងការខូចខាតម៉ូតូធ្ងន់១គ្រឿង និងរថយន្តស្រាល១គ្រឿង។មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូ មានល្បឿនលឿន​។រថយន្តធុនធំបើកមកឈប់នៅលើផ្លូវថ្នល់។

សមត្ថកិច្ចបានបញ្ជាក់ថាកម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។ វត្ថុតាងទាំង ពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP