ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះខេត្តសៀមរាបដឹកនាំដោយអាជ្ញាសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង៤រសៀលថ្ងៃទី០៨ ខែមសា ឆ្នាំ២០២១ ម្សិលមិញ បានចុះអនុវត្តដីកាសម្រេចលេខ ១៩៩ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយបានឃាត់ទុករថយន្ត១គ្រឿងម៉ាក Toyota Lexus RX330 ពណ៌មាស ស្លាកលេខ សៀមរាប2B-6806 ជាកម្មសិទ្ឋិរបស់កូនបំណុលឈ្មោះ ផូ ស៊ីផា រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទៅតាមដើមបណ្តឹងឈ្មោះ ទូស សាភឿន «អគ្គនាយកគម្រោងបុរីអង្គរលែនម៉ាក្ស»។
យោងតាមប្រភពបានឲ្យដឹងថាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បុគ្គលឈ្មោះ ផូ ស៊ីផា បានមកខ្ចីប្រាក់ ៥ម៉ឺនដុល្លារ ពីឈ្មោះទូស សាភឿន ដោយធ្វើកិច្ចសន្យាដាក់បញ្ចាំធានាដីមួយកន្លែង«ទំហំ៦៧៨៨ម៉ែតក្រឡា» មានលិខិតផ្ទេរសិទ្ធិកាន់កាប់មិនទាន់ចុះបញ្ជីលេខ ៧៩៨/១៨ សបគ ចុះថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ចេញដោយអភិបាលស្រុកប្រាសាទបាគង។ ក្រោយពីបានលុយរួចហើយ ឈ្មោះផូ ស៊ីផា មិនដឹងថាយកប្រាក់ទាំងនោះទៅធ្វើអ្វីនោះទេ ដោយបុគ្គលឈ្មោះផូ ស៊ីផា មិនបានសងប្រាក់មកម្ចាស់បំណុលវិញតាមការកំណត់ឡើយ។ បន្ទាប់ពីមានករណីបែបទើបកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ទូស សាភឿន បានប្តឹងឈ្មោះផូ ស៊ីផា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៥ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចូលតុលាការខេត្តសៀមរាប ពីបទរំលោភលើទំនុកចិត្ត។
យោងតាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប យល់ឃើញថាឈ្មោះ ផូ ស៊ីផា បានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តនិងបង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា។ ក្នុងនោះឈ្មោះផូ ស៊ីផា បានយកដីដែលខ្លួនបានបញ្ចាំ ទៅពុះឡូតិ៍លក់ ដោយសំណុំរឿងនេះមានភស្តុតាងគ្រប់គ្រាន់ ដែលមានអតិថិជនថ្មីបានទិញដីឡូតិ៍ពីឈ្មោះ ផូ ស៊ីផា ប្រាកដមែន។ ជាមួយគ្នានេះដែរក៏មានដីកាបង្គាប់ឲ្យឈ្មោះផូ ស៊ីផា ចូលខ្លួនទៅបំភ្លឺជាលើកទី២ផងដែរ។
ពាក់ព័ន្ធករណីចោទប្រកាន់នេះ«បណ្ដាញសៀមរាបប៉ុស្ដិ៍»មិនអាចទាក់ទងលោកឈ្មោះផូ ស៊ីផា ដើម្បីបំភ្លឺបាននៅឡើយទេ នាយប់ថ្ងៃទី០៩ខែមេសានេះ៕SRP

