ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) លោក ហ៊ុយ វណ្ណៈ បានបង្ហាញការស្វាគមន៍ ចំពោះការប្រកាសចាប់ផ្ដើមរបស់ស្ថានទូតស៊ុយអែត និង អង្គការយូណេស្កូ លើគម្រោងមួយមានរយៈពេល៣ឆ្នាំស្ដីពី «ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ» នៅកម្ពុជា។
ការបង្ហាញការស្វាគមន៍ របស់ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានដ៏ធំនៅកម្ពុជាខាងលើនេះ បន្ទាប់ពីស្ថានទូតស៊ុយអែត និងអង្គការយូណេស្កូ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានប្រកាសផ្សាយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងថ្មីមួយមានឈ្មោះថា «ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ» ដែលត្រូវអនុវត្ត ក្នុងភាពជាដៃគូជាមួយ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
លោកហ៊ុយ វណ្ណៈ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ ថា លោកសូមស្វាគមន៍នូវគំនិតផ្ដួចផ្ដើមនេះ ក៏ប៉ុន្តែលោកបានដាក់ជាសំណួរថាតើ គម្រោងនេះមានវិសាលបែបណា? បម្រើផលប្រយោជន៍អ្នកណា? និងមានអង្គភាពស្ថាប័នសារព័ត៌មានច្រើនប៉ុណ្ណា ដែលនឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះ? ឬគ្រាន់ជាកិច្ចការដូចធម្មតាដែលបរទេសជួយគ្នាទៅវិញទៅមកក្នុងកម្រិតទ្វេភាគី?៕SRP

