ខេត្តសៀមរាប៖រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៩ឃុំ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២០ កន្លងមកបានល្អប្រសើរ ទទួលបាន ថវិកាជ័យលាភី ប័ណ្ណ និងលិខិតសរសើរ ពីថ្នាក់ដឹកនាំ។
ការប្រគល់ប័ណ្ណសរសើរនេះ នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង នាថ្ងៃទី៦ខែមេសា ឆ្នាំ២០២១ ព្រឹកមិញនេះ ក្រោមវត្តមាន លោក តូច សាកល ស្នងការរងនគរបាលខេត្តសៀមរាប និងលោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង។
លោកសូរ ប្លាតុង អភិបាលស្រុក បានបញ្ជាក់ថា៖សម្រាប់ឆ្នាំ២០២០កន្លងទៅនេះ សម្រាប់ឃុំទាំង៩ក្នុងស្រុកប្រាសាទបាគង មានឃុំចំនួន០៦ឃុំទទួលបានជ័យលាភីលេខ០១ ក្នុងនោះមានឃុំបល្ល័ង្ក ឃុំកន្រ្ទាំង ឃុំកណ្តែក ឃុំមានជ័យ ឃុំរលួស និងឃុំត្រពាំងធំ និងទទួលបានជ័យលាភីលេខ២ មានចំនួន០៣ឃុំ មានឃុំបាគង ឃុំអំពិល និងឃុំកំពង់ភ្លុក។
លោកបានបន្តថា៖លទ្ធផលខាងលើនេះ មិនមែនជារឿងចៃដន្យឡើយ បើសិនជាគ្រប់គ្នាគ្មានការប្ដេជ្ញាចិត្តរួមគ្នាប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុរក្សាក្តីសុខជូនប្រជាពលរដ្ឋ បើទោះបីឆ្នាំ២០២០កន្លងមក យើងមានភារកិច្ចបន្ថែម នោះគឺភារកិច្ចផ្សពផ្សាយ និងបង្ការទប់ស្កាត់ កុំអោយមេរោគកូវីដ-១៩ឆ្លងចូលសហគមន៍យើង យ៉ាងណាក៏ដោយ។
លោកអភិបាលស្រុកក៏សូមអបអរសាទរ ចំពោះលទ្ធផល ដែលទទួលបានក្នុងថ្ងៃនេះ និងសូមបន្តអនុវត្តភារកិច្ចប្រចាំថ្ងៃយើង ឲ្យបានសកម្មជាងមុនបន្ថែមទៀត ដើម្បីរក្សាភូមិឃុំយើងឲ្យមានសុវត្ថិភាពល្អ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានយើង និងសូមរួមគ្នាបន្តអនុវត្តតាម ការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធានការណ៍ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ជាប់ជានិច្ច ដើម្បីរក្សាសុវត្ថិភាពខ្លួនឯងនិងសហគមន៍ យើងពីមេរោគកូវីដ១៩ ផងដែរ៕SRP

