ក្រោយបានផ្សាយ ប៉ូលិសចុះទៅ ថាអត់មានលេងទេ ស្នាមចាស់ៗ

0

ខេត្តកំពង់ចាម៖ក្រោយពីមានបណ្ដាញសារពត័មាន បានធ្វើការសព្វផ្សាយពីករណីល្បែងស៊ីសង ក៏មានប៉ូលិសចុះទៅដល់ទីតាំង ក៏ប៉ុន្តែមិនមានល្បែងស៊ីសងនោះទេ គឺស្នាមលេងចាស់ៗតែប៉ុណ្ណោះ។

ប៉ូលិសប្រតិកម្មរហ័ស ស្នងការខេត្តកំពង់ចាម បានឲ្យដឹងថាថ្មីៗនេះ បានពិនិត្យឃើញនៅលើបណ្ដាញសង្គមហ្វេប៊ុកមានការបង្ហោះផ្សព្វផ្សាយរូបភាពសកម្មភាព និងខ្លឹមសារព័ត៌មាន ដែលមានចំណងជើងថា”ស៊ីប្រាក់ខែរដ្ឋ បើកបនល្បែង ដោយមិនភ័យខ្លាចជ្ងឺកូវីដ-១៩” ។

ដើម្បីចៀសវាងមហាជនភាន់ច្រឡំ ក្រុមប្រតិកម្មព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វើការបំភ្លឺជូនដូចខាងក្រោម៖

-រូបភាពសកម្មភាពដែលសារព័ត៌មាន CHR TV online ចុះផ្សព្វផ្សាយនោះ ជារូបភាពសកម្មភាពចាស់នាពេលកន្លងមក ជាក់ស្តែងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានចុះដល់ទីតាំងដែលបានលើកឡើងដោយសារព័ត៌មាននោះ ពុំពិនិត្យឃើញមានសង្វៀនជល់មាន់ ឬសកម្មភាពលេងល្បែងជល់មាន់នោះឡើយ។ ប៉ុន្តែឃើញមានស្លាកស្នាមកន្លែងជល់លក្ខណ:កម្សាន្តនៅចំណុចចំការស្វាយចន្ទី ដែលក្រុមញៀនល្បែងណាត់គ្នាលួចប្រព្រឹត្តល្បែងជល់មាន់ម្តងម្កាលប៉ុណ្ណោះ។

-ផ្អែកតាមការបំភ្លឺពីប្រជាពលរដ្ឋរស់នៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម និងផ្អែកតាមរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន បានអោយដឹងថា នៅចំណុចទីតាំងខាងលើ ធ្លាប់មានក្រុមអ្នកលួចលេងល្បែងជល់មាន​ម្ដងម្កាល និងក៏ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្ដបន្ទាប់ បច្ចុប្បន្ននេះ ពុំមានសកម្មភាពលួចលេងល្បែងជល់មាន់ នៅភូមិសាស្ដ្រនោះទៀតទេ។

បើទោះជាយ៉ាងណាក៏ដោយលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជា និងចាត់តាំងលោកអធិការរង ០១រូប ទទួលដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពឺ បន្តល្បាតឃ្លាំមើលសកម្មភាពល្បែងស៊ីសងខុសច្បាប់នានា នៅគោលដៅខាងលើ ក៏ដូចជាក្នុងភូមិសាស្ត្រនៃស្រុកចំការលើ។

តាមការស្រាវជ្រាវរបស់ជំនាញ ពុំទាន់បានរកឃើញភស្តុតាងដាក់បន្ទុកណាមួយ ដែលអាចបញ្ជាក់ថាមន្ត្រីណាម្នាក់ ជាអ្នកបើកបនល្បែងស៊ីសងខុសច្បាប់នោះនៅឡើយទេ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមស្នើឲ្យភ្នាក់ងារសារព័ត៌មាន CHR TV online មេត្តាសហការចង្អុលមុខសញ្ញាសង្ស័យ ឬផ្តល់ភស្តុតាងបន្ថែម ដើម្បីសមត្ថកិច្ចមានមូលដ្ឋានអនុវត្តគោលការណ៍ជំនាញ និងនីតិវិធី៕SRP