ខេត្តសៀមរាប៖ករណីប្លន់នៅស្រុកអង្គរជុំ ដោយញាត់ក្រដាស់ជូតញ៉ុកមាត់ជនរងគ្រោះរួចចាក់កាវ៥០២ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបចាប់ខ្លួនស្ត្រីម្នាក់ដែលមានផ្ទៃពោះចំនួន៧ខែ។
លោកណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាបទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថាសមត្ថកិច្ចរបស់លោកបានចាប់ខ្លួន ជនសង្ស័យនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះនៅស្រុកអង្គរ។
ជនសង្ស័យឈ្មោះ គុណ ហួច ភេទស្រីអាយុ ២៨ឆ្នាំ នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប(មានផ្ទៃពោះ ៧ខែ)។
នារីរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកៅ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែកដែលជនរងគ្រោះពាក់ពិតប្រាកដមែន។
សូមរំលឹកថាកាលពីថ្ងែទី ៣០ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៧ ឆ្នាំ នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បាននៅនិងផ្ទះរបស់គាត់តែម្នាក់ឯង រហូតដល់ម៉ោង១២ និង៣០ នាទី ថ្ងៃខែឆ្នាំដដែល គាត់បានស្ដារពាងទឹករបស់គាត់ ដើម្បីអោយគេដឹកទឹក មកដាក់អោយ ពេលគាត់ស្ដាពាងរួច គាត់បានចងអង្រឹងដេកនៅមុខផ្ទះរបស់គាត់ជាប់និងផ្លូវ ដេកបានមួយសន្ទុះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ជនរងគ្រោះ ញាត់ក្រដាស់ជូតមាត់ហើយចាក់កៅ ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ ខណ:ពេលដែលជនរងគ្រោះកំពុងតែដេកលក់នៅលើអង្រឹង បណ្ដាលអោយជនរងគ្រោះ វង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែក ពីជនរងគ្រោះចំនួន១ដំឡឹង រួចរត់គេចខ្លួនបាត់តែម្ដង។
បើតាមលោកណុប សារ៉ាក់ បានបន្តថាករណីនេះ ជនសង្ស័យធ្វើសកម្មភាព ដោយសារជនរងគ្រោះ ជាគូរទំនាស់និងគ្នាជាមួយម្ដាយឪពុករបស់ខ្លួនកាលពី២ឆ្នាំមុន។
សូមជម្រាបថាប្រតិបត្តិការចាប់ជនសង្ស័យនេះ ធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់លោកណុប សារ៉ាក់ ស្នងការរងនឹងចូលរួមដោយលោកសុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប៕SRP

