ខេត្តសៀមរាប៖មហាជនមានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីមានសមត្ថកិច្ចបានចុះបិទអាជីវកម្មលក់សាច់សុនខ«ឆ្កែ»មួយកន្លែង នៅរសៀលថ្ងៃទី០២ ខែមេសា ម្សិលមិញ។
សមត្ថកិច្ចបានថ្លែងថាទីតាំងលក់សាច់ឆ្កែមួយកន្លែងនៅក្បែរវត្តពោធិ៍២ដើម ស្ថិតនៅក្នុងក្រុងសៀមរាប ដែលបានបើករយ:ពេលជាង១០ឆ្នាំមកនេះ ត្រូវបានចុះបិទបន្ទាប់ពីបានធ្វើកិច្ចសន្យាឲ្យបិទម្ដងរួចមក ដោយមានម្ចាស់មានឈ្មោះ ជី សុជាតិ ភេទប្រុស មិនបិទតាមកិច្ចសន្យា។
សូមរំលឹកថាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីកន្លងទៅបានចេញលិខិតមូយទំព័រដោយបានហាមឃាត់ការធ្វើអាជីវកម្មទិញ.លក់ សត្វសុនខ«ឆ្កែ» នៅក្នុងខេត្តសៀមរាប ប៉ុន្តែអាជីវកម្មខ្លះហាក់បីមិនញញើតកោតខ្លាចទៅនឹងការហាមឃាត់នោះឡើយ។ ក្រោយចេញលិខិតក៏សមត្ថកិច្ចចុះបិទនិងធ្វើកិច្ចសន្យាឲ្យម្ចាស់ទីតាំងលក់សាច់ឆ្កែបញ្ឃប់សកម្មភាព ជួញដូរលក់ ប៉ុន្តែទីតាំងខ្លះហាក់មិនព្រមអនុវត្តនៅតែបន្តបើកលក់យ៉ាងគគ្រឹកគគ្រេងដដែល។
សូមជម្រាបថាការចុះទៅបិទអាជីវកម្មលក់សាច់ឆ្កែ នៅក្បែរវត្តពោធិ៍២ដើមនាថ្ងៃម្សិលមិញនេះ បន្ទាប់ពី«បណ្ដាញសៀមរាបប៉ុស្ដិ៍» បានធ្វើការចុះផ្សាយរួមមក។
ប្រជាពលរដ្ឋបានលើកឡើងថានៅខេត្តសៀមរាប មានទីតាំងលក់សាច់ឆ្កែ ជាច្រើនកន្លែងទៀត ដូច្នោះសមត្ថកិច្ច គួរតែចុះស្រាវជ្រាវបិទទាំងអស់ឲ្យបានសុំកុំធ្វើតែមួយកន្លែងយកមុខ៕SRP

