
ភ្នំពេញ៖វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃពុធ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១យប់មិញនេះ ដើម្បីទុកចាក់ជូនពលរដ្ឋ កម្ពុជាដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចទៀ បាញ់ បានអញ្ជើញជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលវ៉ាក់សាំង និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន ប្រគល់វ៉ាក់សាំងនេះ ព្រមទាំងមានការចូលរួមពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាផងដែរ។
វ៉ាក់សាំង ៧០ម៉ឺនដូស ដែលទទួលនៅរាត្រីនេះ មានពីរចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង៤០ម៉ឺនដូសប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន ៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។
រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជា ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩៕SRP

