លោកអ៊ុន​ ចាន់ដា​ ចុះពិនិត្យ​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ផ្សារ​ធំ​ និងផ្សារ​សាមគ្គី​

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅរសៀល​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២១​នេះ​បានដឹកនាំមន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន​ ចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងផ្សារធំ និងផ្សារសាមគ្គី​ ស្ថិតនៅ​ក្នុង​ក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពី​ផ្អាក​ការ​ធ្វេី​អាជីវកម្ម​ ចំនួន​១៣ទីតាំង​ ដោយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ហើយ​មានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។

ក្នុងឱកាសនេះដែរ លោក អ៊ុន​ ចាន់ដា​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេស របស់សម្តេចតេជោ ហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំង​សារ​អប់រំ​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លង​​ជំងឺ​ដ៏កាចសាហាវ​នេះចូល​ដល់​ក្នុង​សហគមន៍​។​

គួរ​បញ្ជាក់​ថា​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី ក្នុង​ខេត្តកំពង់ចាម​ នាពេល​កន្លង​ទៅ​ថ្មីៗនេះ អាជ្ញាធរខេត្ត បានសម្រេច​ផ្អាក​ជាបណ្ដោះអាសន្ន​នូវ​ទីតាំង​មណ្ឌល​សុខភាព​ និង​ការ​ធ្ធេី​​អាជីវកម្ម​ ​ស​រុប​ចំនួន១៣ទីតាំង​ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍​២០កុម្ភៈ​ រួមមាន÷​ ១- មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់​ ។ ២-គ្លីនិក ម៉ី មុនីបូរិន្ទ​ ។ ៣-​ មន្ទីរ​សម្រាក​ព្យាបាល​បញ្ញា​​ (ពេទ្យ​គា)​ ក្រុងកំពង់ចាម​ ។ ក្នុង​នេះតូបលក់ដូរនៅផ្សារ​ធំ​មាន ចំនួន៩តូប​ និងផ្សារ​សាមគ្គី​ ក្រុងកំពង់ចាម១តូប​ផងដែរ​៕SRP