ខេត្តឧត្តរមានជ័យ៖ទីតាំងបនល្បែងស៊ីសងជល់មាន់និងអាប៉ោងយូគីដ៏ធំបានកំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ នៅខាងក្រោយប៉ុស្តិ៍ប៉ូលិសឃុំថ្លាត ដោយមិនទាន់ឃើញមានប៉ូលិសខេត្តឧត្តរមានជ័យចុះបង្ក្រាបនៅឡើយទេខណ:គេឃើញប្រឹងបង្ក្រាបតែវង់ល្បែងតូចៗដើម្បីបិទបាំងរឿងអាស្រូវតែប៉ុណ្ណោះ។
យោងតាមប្រភពបានឲ្យដឹងថាខណ:ប្រទេសជាតិកំពុងតែប្រឈមនិងការរីករាតត្បាតជំងឺកូវីដ.១៩បែជាសមត្ថកិច្ចខេត្តឧត្តរមានជ័យ សម្ងំបើកដៃឲ្យមាន សង្វៀនប្រជល់មាន់ ខ្នាយដែក អាប៉ោង យូគី ស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្លាតស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ យ៉ាងពេញបន្ទុកផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែត។
ប្រភពបន្តថាបើទោះបីជាមានល្បែងស៊ីសងដ៏ធំបើកលេងយ៉ាងនេះក្ដី ក៏សមត្ថកិច្ចខេត្តឧត្តរមានជ័យ មិនខ្វល់បង្ក្រាបនោះដែរ ប៉ុន្តែបើល្បែងតូចតាចពលរដ្ឋលេងបង្ក្រាបយកស្នាដៃតែម្ដង។
ជាក់ស្ដែងកាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នគរបាលក្រុងសំរោង បានចុះអប់រំល្បែងស៊ីសង (លេងបៀរ) នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង និងនៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២១ នគរបាលស្រុកបន្ទាយអំពិល បានចុះអប់រំល្បែងស៊ីសង (ខ្លាឃ្លោក)នៅចំណុចភូមិស្រះស្រង់ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។
ករណីពលរដ្ឋលេងតូចតាចនេះ សមត្ថកិច្ចបានធ្វើការអប់រំម្ចាស់ទីតាំង និងអ្នកលេង នៅនិងកន្លែងកើតហេតុ ដោយធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបន្តទៀត៕SRP